សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ បានបង្ហោះសារលើបណ្តាញសង្គមផ្លូវការថា៖ “ប្រពៃណីយេីងយេីងរក្សាយេីងបានផ្សព្វផ្សាយកាន់តែល្បឺសុះសាយដល់ពិភពលោក ពិសេសបងប្អូនជាភ្ញៀវទេសចរណ៍ជាច្រេីននៃកម្មវិធី Gumball 3000 បានស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ និងទស្សនាសិល្ប:បូរាណខ្មែរ នៅពីមុខប្រាសាទបាយ័នរបស់ខ្មែរ។ សូមស្វាគមន៍មកកាន់កម្ពុជា និងរីករាយក្នុងការស្វាគមន៍អ្នកជានិច្ច”។
សូមជម្រាបថា នាល្ងាចថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងវេទិកាជំនួបធុរកិច្ច និងពិធីលៀងសាយភោជន៍ក្នុងព្រឹត្តិការណ៍ Gumball 3000 Rally នៅមុខប្រាសាទបាយ័ន នៃខេត្តសៀមរាប។
កម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូ Gumball 3000 ទាំងអស់ដែលបានអញ្ជើញមកកម្ពុជា សម្រាប់ការបង្កើតប្រវត្តិសាស្ត្រថ្មីលើទឹកដីបេតិកភណ្ឌពិភពលោក។ ពិសេសជាងនេះ ព្រឹត្តិការណ៍នេះគ្រោងនឹងបំបែកឯកទគ្គកម្មពិភពលោក «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក» ក្នុងតំបន់បេតិកភណ្ឌ ដែលក្លាយជាឱកាសប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រទេសកម្ពុជា។
ឆ្នាំ២០២៤នេះ ក៏ជាឆ្នាំទស្សនាសៀមរាប ដែលស្របពេលកម្ពុជាកំពុងពង្រឹងទំនាក់ទំនងជាមួយដៃគូសំខាន់ៗ តាមរយៈការផ្លាស់ប្តូរប្រជាជន និងប្រជាជនជាដើម។ គំនិតផ្តួចផ្តើមទាំងនេះ និងព្រឹត្តិការណ៍ Gumball 3000 បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រីកទំនាក់ទំនងទេសចរណ៍ និងវប្បធម៌ជាមួយដៃគូពិភពលោក និងការលើកកម្ពស់បទពិសោធន៍រួមគ្នា៕
អត្ថបទ៖ អក្ខរា