សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួប១ឆ្នាំ នៃការចុះបញ្ជី“រមណីយដ្ឋានប្រាសាទកោះកេរ” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

“រមណីយដ្ឋានប្រាសាទកោះកេរ” បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងសម័យប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ។ គិតមកដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ គឺមានរយៈមួយឆ្នាំហើយនែការចុះបញ្ជីបេតិកភណ្ឌពិភពលោក។

ក្នុងឱកាសខួប១ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញសារលិខិតអបអរសាទរ និងកោតសរសើរ ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ អ្នកជំនាញជាតិនិងអន្តរជាតិ ដែលបានខិត​ខំព្យាយាមគ្រប់ការលំបាករហូតសម្រេចបានការចុះរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភព​លោក។

ជាមួយនឹងការអបអរសាទរនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ស្នើដល់សហប្រធានចិន និងឥណ្ឌា នៃគណៈ​កម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារនិងលើកតម្លៃរមណីយដ្ឋានវប្បធម៌ធម្មជាតិ នៃប្រាសាទព្រះវិហារ (ICC-Preah Vihear) ព្រមទាំងប្រទេសជាសមាជិកទាំងអស់ ពង្រីកសកម្មភាពរបស់ខ្លួន បន្ថែមទៀត ដើម្បីជួយអភិរក្សនិងលើកតម្លៃរមណីយដ្ឋានប្រាសាទកោះកេរ ដែលជាសម្បត្តិរបស់មនុស្សជាតិ ទាំងមូល ដោយផ្អែកលើគំរូនៃកិច្ចសហការដ៏សកម្មដែលមានស្រាប់ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់សាជាថ្មីថា ការចូលរួមរបស់គ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងអស់ពិតជាមានសារៈសំខាន់នៃ ជាពិសេសអាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរជាតិព្រះវិហារ ត្រូវបំពេញបេសកកម្មការងារគ្រប់គ្រង និងអភិរក្សរបស់ខ្លួនឱ្យបានហ្មត់ចត់ ស្របតាមគោលការណ៍ប្រតិបត្តិរបស់គណៈ​កម្មាធិការបេតិកភណ្ឌពិភពលោក ដោយមិនត្រូវអនុញ្ញាតឱ្យមានការទន្ទ្រានយកដីខុសច្បាប់ ការកាប់បំផ្លាញព្រៃឈើ ការបរបាញ់សត្វព្រៃ ការរុករក និងការជីកកកាយដោយខុសច្បាប់ ដើម្បីលើកតម្លៃនិងថែរក្សារមណីយដ្ឋានប្រាសាទកោះកេរ សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាជននៅក្នុងមូលដ្ឋាន។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏អំពាវនាវដល់គ្រប់បណ្តាញព័ត៌មានទាំងអស់ ចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍នេះ ឱ្យបាន ទូលំទូលាយនិងអធិកអធម ដើម្បីអបអរសារទរខួប១ឆ្នាំ នៃការចុះ “រមណីយដ្ឋានប្រាសាទកោះកេរ” ក្នុងបញ្ជី បេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ក៏ដូចជាបន្តជំរុញសក្តានុពលទេសចរណ៍ក្នុងតំបន់៕

អត្ថបទ៖ ពុទ្ធិកា