ទោះមានអ្នកលួចធ្វើហូលគូម « អរគុណសន្តិភាព » ឌួង ហ្សូរីដា នៅតែប្រឹងរកទីផ្សារសម្រាប់អ្នកត្បាញហូលរបស់ខ្លួន ! 

កញ្ញា ឌួង ហ្សូរីដា គឺជាសិល្បការិនីដំបូងគេដែលបានច្នៃហូលគូមអក្សរ « អរគុណសន្តិភាព » ឡើង ដើម្បីរកប្រាក់ចំណូលជួយដល់អ្នកច្នៃហូល ខ្មែរ ដែលជិតបាត់បង់ ប៉ុន្តែអ្វីដែលគួរឱ្យស្តាយនោះ គឺស្របពេលដែលទទួលបានការចាប់អារម្មណ៍ពីការច្នៃ ហូលគូមអក្សរ ខ្មែរនេះ ស្រាប់តែមានជនខិលខូចមួយចំនួនបានចំលងស្នាដៃនាង ដែលធ្វើឱ្យនាងមានការហួសចិត្តជាខ្លាំង ។ 

កញ្ញា ឌួង ហ្សូរីដា គឺជាស្ថាបនិកដែលបង្កើត ហូលមានផុសអក្សរ « អរគុណសន្តិភាព » មុនគេ ដោយសារនាងចង់អរគុណទៅដល់ថ្នាក់ដឹកនាំ សម្តេចតេជោ ដែលបានលះបង់ជីវិតរបស់លោកសឹងតែមួយជីវិតដើម្បីប្រទេសជាតិ ។

កញ្ញា ឌួង ហ្សូរីដា បាននិយាយថា នាងជាកូនស្រីរបស់អ្នកមានមុខរបរកាត់ដេឬ និងជាម្ចាស់ហាង ដាណាម៉ា ក្លាយជាអ្នកលក់ និងផលិត ហូលខ្មែរ ជូនអតិថិជនដែលស្រឡាញ់ស្នាដៃតម្បាញធ្វើដោយដៃអ្នកតម្បាញខ្មែរពិតៗ សូមជួយគាំទ្រផង ។ នាងពិតជាហួសចិត្តចំពោះការចំលងស្នាដៃរបស់ខ្លួន ចំពោះបុគ្គលមួយចំនួន តែទោះជាយ៉ាងណានៅតែប្រឹងប្រែងរកការងារ និងរកប្រាក់ចំណូលដើម្បីកូនចៅរបស់ខ្លួន ។ 

១៦ ឆ្នាំមកហើយដែល ឌួង ហ្សូរីដា បានបើកមុខរបរករកស៊ីមួយនេះ ទៅថ្ងៃអនាគត នាងនៅតែមានគម្រោងពង្រឹង និង ពង្រើកវិស័យហូលខ្មែរ ឱ្យកាន់តែខ្លាំងក្លាឡើង ដើម្បីឱ្យកូនចៅជំនាន់ក្រោយនៅតែដឹងពី ហូលខ្មែរ ដ៏មានតម្លៃរបស់យើង បើទោះបីជាពេលនេះ ហួលខ្មែរ មានការធ្លាក់ចុះខ្លាំងក៏ពិតមែន នាងនៅប្រឹងប្រែរកទីផ្សារសម្រាប់អ្នកត្បាញរបស់ខ្លួន ។  

ឌួង ហ្សូរីដា បានបោះបង់អាជីពសិល្បៈច្រើនឆ្នាំមកហើយ នាងនៅតែពុំទាន់មានគម្រោងវិលត្រឡប់មកសាងស្នាដៃក្នុងវិស័យចាស់ឡើងវិញទេ ផ្ទុយទៅវិញនាងបែរជាលេចមុខខ្លាំងក្នុងការងារសប្បុរសធម៌ ដើម្បីស្វែងរកថវិការជួយការងារសង្គម ជាក់ស្តែងថ្មីៗនេះនាងបានលេចមុខក្នុងការបង្ហាញម៉ូដរៃអង្គាសថវិការជួយដល់មូលនិធិអភិរក្សដំរីអៃរាវត្តា ៕