រាជរដ្ឋាភិបាល នឹងត្រៀមបញ្ចេញរថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ ជិត៥០០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋ ទៅស្រុកកំណើត ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី៤ ខែតុលា ។ នេះបើតាមការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន៖ អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ក្រៅពីដឹកប្រជាពលរដ្ឋទៅស្រុកកំណើតតាមបណ្តាខេត្ត រដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមរថយន្តចំនួន៥៦គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋ ទៅដើរលេងខេត្តភាគឦសាន ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ រួមមានខេត្តក្រចេះ, ស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី ។
គួរបញ្ជាក់ថា រៀងរាល់ពិធីបុណ្យធំៗនៅក្នុងប្រទេសកម្ពុជា ដូចជាបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំប្រពៃណីជាតិ រដ្ឋាភិបាល តែងតែបញ្ចេញរថយន្ត សម្រាប់ដឹកប្រជាពលរដ្ឋ ទៅស្រុកកំណើតតាមបណ្តាខេត្តនានាដោយឥតគិតថ្លៃ។ ការផ្តល់រថយន្តក្រុងជិះដោយឥតគិតថ្លៃនេះ គឺដើម្បីជួយសម្រួលដល់ការចំណាយជូន ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំក្រុមគ្រួសារ ៕
អត្ថបទ៖ ពុទ្ធិកា