សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យបន្តរឹតបន្តឹងស្តង់ដារជ្រើសរើសពេទ្យ ដោយសុខចិត្តរើសបានតិច តែមានគុណភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក៏ដូចជានីតិកាលមុនៗ ចាត់ទុកការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ជាអាទិភាព ក្នុងនោះ ការពង្រីក និងពង្រឹងគុណភាពសេវាសុខាភិបាល នៅតាមទីជនបទដាច់ស្រយាល គឺជាការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាល ហើយអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់កាន់តែខ្លាំងបន្ថែមទៀត។ ការថ្លែងរបស់សម្តេចធិបតី ក្នុង
ពិធីបញ្ចុះបឋមសិលា​បើកការដ្ឋានសាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។

សម្តេចបានលើកឡើងថា ការកែលម្អគុណ ភាពសេវាសុខាភិបាលត្រូវធ្វើជាប្រចាំជាប់មិនដាច់សំដៅលើកកម្ពស់ គុណភាពសេវាថែទាំសុខភាព និង សេវាពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្លើយតបនឹងការរំពឹងទុករបស់អ្នកជំងឺ និង បង្កើនជំនឿទុកចិត្ត របស់ប្រជាពលរដ្ឋមកលើប្រព័ន្ធសុខាភិបាលសាធារណៈ ក្នុងនោះចាំបាច់ត្រូវពង្រឹងប្រសិទ្ធភាព នៃយន្តការតាមដាន និងវាយតម្លៃគុណភាពសេវាសុខាភិបាល ដែលកំពុងអនុវត្តនៅពេលបច្ចុប្បន្ន។

បើតាមសម្តេចធិបតីនាយករដ្ឋមន្ត្រី ការធ្វើទំនើបកម្មបរិក្ខារវេជ្ជសាស្ត្រជារឿងល្អ តែការពង្រឹងគុណភាពធនធានមនុស្ស លើវិស័យសុខាភិបាលនៅតែជាកិច្ចការចាំបាច់។ សម្តេចធិបតីបានថ្លែងថា លក្ខខណ្ឌក្នុងការជ្រើសរើសពេទ្យមិនអាចទម្លាក់ស្តង់ដារបាននោះឡើយ ត្រូវតែពង្រឹងស្តង់ដារខ្ពស់ ដើម្បីបានគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ ហើយនិស្សិតពេទ្យនីមួយៗចេញមកត្រូវតែច្បាស់លាស់ សុខចិត្តបានតិច តែមានគុណភាព។

គួរជម្រាបថា រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តវិធាន​ការ​គន្លឹះ ៣ ក្នុងវិស័យសុខាភិបាល ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល និងពង្រឹង​សមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន, ដោយផ្តោតជាចម្បងលើ ១). ពង្រឹងសមត្ថភាព​ផ្តល់សេវានៅមណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែកស្រុក ២). អភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ ក្នុងការគ្រប់គ្រងធនធានមនុស្ស និង ហិរញ្ញវត្ថុ, ការងារនិយ័តកម្ម, ការឆ្លើយតប​នឹងការគំរាមកំហែងសុខភាពសាធារណៈ និង គ្រោះអាសន្ន សុខភាព, ព្រមទាំងការលើក​កម្ពស់​ប្រសិទ្ធភាពនៃកិច្ចដំណើរការមុខងារសា្ថប័ន; និង ៣). កសាងភាពជាដៃគូរឹងមាំ រវាងវិស័យ សុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាថា ប្រជាជនគ្រប់រូបទទួល បានសេវាថែទាំសុខភាព​មានគុណភាព សុវត្ថិភាព និង ប្រសិទ្ធភាពខ្ពស់៕

អត្ថបទ៖ អក្ខរា

រូបថត៖ គល់ រ៉េននី