ថ្មីៗនេះតារាសម្តែងរូបសង្ហា ពៅ ពិសិដ្ឋ ត្រូវបានផលិតកម្មក្រៅប្រទេសទាក់ទងថតភាពយន្តខ្នាតធំមួយដោយទទួលបានតម្លៃខ្លួនខ្ពស់កប់ពពក រហូតធ្វើឱ្យលោកប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនបន្ថែមទៀត ដើម្បីឱ្យសមនិងតម្លៃ ។
វ័យជាង ៣០ ឆ្នាំហើយ តារាសម្តែងរូបសង្ហា ពៅ ពិសិដ្ឋ នៅតែពុំទាន់មានដំណឹងរៀបការទៀត ផ្ទុយទៅវិញលោកបែរជាលេចមុខជាមួយបងស្រី ពៅ លីដា ខ្លាំងទៅវិញ រហូតធ្វើឱ្យមហាជនជាច្រើនឆ្ងល់ថា តើពេលណាតារាសម្តែងប្រុសរូបសង្ហានេះសម្រេចចិត្តរៀបការ ?
ចំពោះរឿងរៀបការតារាសម្តែង ពៅ ពិសិដ្ឋ ហាក់ពុំគិតគូខ្វាយខ្វល់អ្វីទាំងអស់ លោកបានត្រឹមតែនិយាយថា ខំប្រឹងធ្វើការ ចង់មានលុយច្រើន ជារឿងល្អបំផុត មានគ្រួសារគឺជារឿងក្រោយ ។
ទោះបីជាពេលនេះតារាសម្តែង ពៅ ពិសិដ្ឋ ពុំមានដំណឹងរៀបការក៏ពិតមែន ប៉ុន្តែអ្វីដែលលោករំភើបចិត្តខ្លាំងបំផុត គឺខាងបណ្តាផលិតកម្មនៅក្រៅប្រទេស បានទាក់ទងលោកដើម្បីថតភាពយន្តខ្នាតធំមួយ ដែលប្រជុំទៅដោយតារាសម្តែងល្បីៗជាច្រើន ។
លោក ពៅ ពិសិដ្ឋ បានទទួលស្គាល់ថា លោកពិតជាទទួលបានតម្លៃខ្លួនខ្ពស់ក្នុងការត្រៀមខ្លួនដើម្បីចូលរួមថតនៅក្នុងភាពយន្តនោះមែន ប៉ុន្តែលោកសុំមិនបញ្ជាក់ប្រាប់ពីតម្លៃពិតប្រាកដនោះទេ ។ អ្វីដែលលោកត្រូវធ្វើនៅក្នុងពេលនេះ គឺខំប្រឹងពង្រឹងសមត្ថភាពខ្លួនឱ្យខ្លាំង ដើម្បីត្រៀមថតតួអង្គមួយនោះ ។
បើតាមគម្រោងលោក ពៅ ពិសិដ្ឋ និងថតភាពយន្តខ្នាតធំមួយនោះនៅក្នុងអំឡុងឆ្នាំ ២០២៥ ខាងមុខ លោកសង្ឃឹមថា ការសម្តែងរបស់លោកលើកនេះគឺជាបទពិសោធថ្មីដែលនឹងធ្វើឱ្យលោកកាន់តែល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស ។
គួររំលឹកផងដែរថា លោក ពៅ ពិសិដ្ឋ ដើមឡើយលោកគ្រាន់អ្នកចម្រៀងធម្មតាប៉ុណ្ណោះ ប៉ុន្តែដោយសារឃើញបងស្រីរបស់ខ្លួន ពៅ លីដា លេចធ្លោខ្លាំងក្នុងវិស័យសម្តែង បងស្រីរបស់លោកក៏បានជម្រុញលោកឱ្យមកចាប់អាជីពសម្តែងវិញ រហូតបានធ្វើឱ្យលោកល្បីល្បាញដូចសព្វថ្ងៃនេះ ៕