សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងលើទំព័រហ្វេសប៊ុកនៅថ្ងៃសៅរ៍នេះថា៖ “កាលពីពេលប៉ុន្មានថ្ងៃមុននេះ ពេលដែលខ្ញុំបានទៅទទួលសញ្ញាបត្របណ្ឌិតកិត្តិយស នៅសាធារណរដ្ឋកូរ៉េ ក៏មានវិទ្យុបរទេសនិយាយភាសាខ្មែរមួយ បានលើកជាសំនួរសួរ ថា តើ លោក ហ៊ុន សែន សមនឹងទទួលសញ្ញាបត្រ ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) សាធារណរដ្ឋកូរ៉េ ឬ អត់? ដើម្បីជាការបំភ្លឺ ខ្ញុំសូមបញ្ចេញនូវសញ្ញាបត្រដែលខ្ញុំធ្លាប់បានទទួលកន្លងទៅ។ នេះគឺនៅមិនរាប់បញ្ចូលនូវការស្រាវជ្រាវខ្លះទៀតទាក់ទងនឹងពានរង្វាន់”។
គួរជម្រាបថា ផ្តើមចេញពីស្នាដៃនៃការដឹកនាំក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាម កសាងនូវសុខសន្តិភាព រួមទាំងចូលរួមចំណែកកសាងទំនាក់ទំនង និងជួយរក្សាសុខសន្តិភាពនៅក្នុងតំបន់ និងលើពិភពលោកផងនោះ សម្តេចតេជោ ហ៊ុន សែន ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសជាច្រើនពីសាកលវិទ្យាល័យនៅតាមបណ្តាប្រទេសនានា។
ក្រៅពីសញ្ញាបត្របណ្ឌិតកិត្តិយស សម្តេចតេជោ ហ៊ុន សែន ក៏ទទួលបានមេដាយជាច្រើន ដែលជាការទទួលស្គាល់ចំពោះស្នាដៃដឹកនាំរបស់សម្តេច ក្នុងការធ្វើឲ្យកម្ពុជាមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច៕