លោក ឡយ ភាល័យ ដែលគេស្គាល់ថា ជាអ្នក review ឡានដ៏ល្បី និងជាម្ចាស់ផេក Camcar កំពុងតាមផ្តិតព្រឹត្តិការណ៍ Gumball 3000 ពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា។
តាមរយៈការ Live នៅលើផេក Camcar បានឲ្យដឹងថា នៅវៀតណាមកំពុងមានការគាំទ្រ Gumball3000 ច្រើនណាស់។
កំពូលក្បួនរថយន្ដប្រណិតៗ ក្នុងព្រឹត្តិការណ៍ Gumball 3000 នឹងឆ្លងកាត់ប្រទេសវៀតណាមចូលមកដល់ប្រទេសកម្ពុជា តាមច្រកព្រំដែនអន្តរជាតិបាវិត-ខេត្តស្វាយរៀង រួចបន្តដំណើរជាក្បួនរថយន្តចូលមកកាន់រាជធានីភ្នំពេញនៅថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០២៤ ។
កម្ពុជាកំពុងត្រៀមស្វាគមន៍ព្រឹត្ដិការណ៍បែបទេសចរណ៍ និងវប្បធម៌សម្រាប់ការជួបជុំក្បួនរថយន្ដទំនើបៗ Gumball 3000 Rally ដ៏ល្បីល្បាញ ដែលនឹងបង្ហាញខ្លួនលើកដំបូងនៅអាស៊ីអាគ្នេយ៍ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែកញ្ញានេះ។
ការប្រមូលផ្តុំគ្នាចម្ងាយ ៣ពាន់ម៉ាយ (ជិត ៥ពាន់គីឡូម៉ែត្រ) នឹងមានរថយន្តប្រណិតប្រមាណ ១៣០ គ្រឿង និងតារាល្បីៗដែលនឹងបើកបរឆ្លងកាត់ប្រទេសជាច្រើន ដោយប្រទេសកម្ពុជាគឺជាចំណតដ៏សំខាន់មួយ។
អំឡុងពេលមកដល់កម្ពុជាក្បួនរថយន្តអាចនឹងឆ្លងកាត់មហាវិថីធំៗដូចជា មហាវិថីសម្ដេចសុធារស មហាវិថីព្រះមុន្នីរង្ស រង្វង់មូលវិមានឯករាជរហូតដល់ត្រង់ចំណុចរង្វង់មូលសម្ដេចសង្ឈរាជ ជួន ណាត និងសួនវត្តបទុមវតី។
ជាមួយគ្នានោះដែរ គណៈប្រតិភូ និងអាជ្ញាធរពាក់ព័ន្ធ បានត្រៀមរៀបចំព្រឹត្តការណ៍អន្តរជាតិ Gumball 3000 Rally in Cambodia យ៉ាងពិសេសរួចជាស្រេច និងត្រៀមរៀបចំឱ្យបានគ្រប់ជ្រុងជ្រោយទៅលើសណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនអ្នកចូលរួមដែលមានទាំងភ្ញៀវជាតិ និងបរទេសរាប់ពាន់នាក់ នឹងទទួលបាននូវបទពិសោធន៍ដ៏មិនអាចបំភ្លេចបាន ជាពិសេសស្នាមញញឹមនៅលើទឹកដីប្រទេសកម្ពុជា ក្នុងនាមម្ចាស់ផ្ទះរៀបចំមហាព្រឹត្តិការណ៍លំដាប់ពិភពលោក Gumball 3000 លើកទី២៥ នេះ។
ព្រឹត្តិការណ៍ GUMBALL 3000 ដែលគ្រប់គ្នាទន្ទឹងរង់ចាំ និងជាព្រឹត្តិការណ៍មួយចូលរួមចំណែកក្នុងការជំរុញវិស័យទេសចរណ៍នៅកម្ពុជា ការចូលរួមចំណែកក្នុងសប្បុរសធម៍ការបើកឱកាសរវាងអ្នកវិនិយោគទុនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា និងការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស។ ចូលរួមដោយសេរីនៅថ្ងៃទី១៥ ខែកញ្ញា នៅសួនវត្តបទុម រាជធានីភ្នំពេញនិងថ្ងៃទី១៦-១៧ ខែកញ្ញា នៅខេត្តសៀមរាប៕