ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប. ស្នើឱ្យលេខាធិការដ្ឋាន គ.ជ.អ.ប. សម្របសម្រួលជាមួយ ក្រសួងស្ថាប័នជំនាញដើម្បីជំរុញប្រសិទ្ធភាពលើការងារផ្ដល់សេវា នៅយន្តការច្រកចេញចូលតែមួយរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌសម្រាប់វិស័យមិនសូវមានការចាប់អារម្មណ៍ ស្នើសុំសេវា ដូចជាវិស័យុត្តិធម៌ជាដើម ដើម្បីពិនិត្យលទ្ធភាពបន្ថែម ប្រភេទសេវាចាំបាច់ផ្សេងទៀត បន្តពង្រឹងគុណភាព នៃប្រព័ន្ធទូទាត់ប្រាក់សេវា តាមបច្ចេកវិទ្យា និងបន្តពង្រឹងសមត្ថភាពមន្រ្តី តាមវិស័យនៅយន្តការច្រកចេញចូលតែមួយ។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏ណែនាំឱ្យអភិបាលរាជធានី ខេត្ត ពិនិត្យឡើងវិញ រវាងសេវាដែលមានស្រាប់ ធៀបនឹងតម្រូវការជាក់ស្ដែង នៃមូលដ្ឋានរៀងៗខ្លួន។
ការថ្លែងរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី២៣ របស់ គ.ជ.អ.ប. នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាអនុប្រធាន គ.ជ.អ.ប ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.អ.ប. ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមលោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ និងតំណាងអង្គការអន្តរជាតិពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ពង្រឹងគុណភាពនៃការតែងតាំងនាយកសាលាបឋមសិក្សា និងការជ្រើសរើសគ្រូបង្រៀនកិច្ចសន្យា។ ការជំរុញនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល តាមរយៈការសម្របសម្រួលពី គ.ជ.អ.ប. បានផ្ទេរការទទួលខុសត្រូវ លើការគ្រប់គ្រងការងារ អប់រំកុមារតូចបឋមសិក្សា និងការងារអប់រំក្រៅប្រព័ន្ធ មកស្ថិតក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ស្របតាមកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
សូមរម្លឹកជូនថា គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប. បង្កើតឡើង ដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨។ គ.ជ.អ.ប មានគណនេយ្យភាពចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (ច្បាប់រៀបចំអង្គការ) ច្បាប់ស្ដីពីគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងអនុវត្តគោលនយោបាយ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ គ.ជ.អ. ប គឺជាយន្តការអន្តរក្រសួង សម្រាប់ការលើកកម្ពស់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ តាមរយៈកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងប្រទេសកម្ពុជា៕