“ខ្ញុំបានទស្សនាការប្រកួតបាល់ទាត់វគ្គជម្រុះ Asian Cup Qualifier ជុំទី២ រវាងក្រុមជម្រើសជាតិកម្អុជាយើង និងក្រុមជម្រើសជាតិស្រីលង្កា ដែលបានប្រព្រឹត្តទៅនៅទឹកដីកម្ពុជា។ ជាលទ្ធផល យើងបានទប់ទល់រហូតដល់ស្មើនៅពេញម៉ោង តែយើងមិនអាចយកឈ្នះក្រុមស្រីលង្កាបាននៅការសម្រេចដោយគ្រាប់បាល់ប៉េណាល់ទី។ ក្នុងនាមជាគាំទ្រ ខ្ញុំសូមកោតសរសើរដល់កីឡាករជម្រើសជាតិយើងទាំងអស់គ្នាដែលបានខិតខំយ៉ាងស្វិតស្វាញដើម្បីប្រកួតតំណាងឱ្យជាតិ។ វិស័យបាល់ទាត់របស់យើងមានការបោះជំហានទៅមុខគួរជាទីមោទនៈ បើទោះជាយើងមិនទាន់ឈរលំដាប់កំពូលក្នុងតំបន់ក្តី តែយើងគួរមានមោទនភាពចំពោះអ្វីដែលក្រុមជម្រើសជាតិបានវិវឌ្ឍខ្លួនក្នុងរយៈពេលចុងក្រោយថ្មីៗនេះ។ យើងជឿជាក់ ហើយបន្តគាំទ្រក្រុមជម្រើសជាតិកម្ពុជា! យើងគាំទ្រកីឡាកម្ពុជា!” នេះជាការលើកឡើងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី លើគណនីហ្វេសប៊ុកនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
សូមជម្រាបថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្លាក់ចេញពីការប្រកួតវគ្គជម្រុះពានរង្វាន់ AFC Asian Cup ឆ្នាំ២០២៧ ក្នុងការប្រកួតនៅយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយចាញ់ក្រុមជម្រើសជាតិស្រីលង្កា ដោយទាត់បាល់១១ម៉ែត្រកាត់សេចក្តីរកអ្នកឈ្នះ។ លទ្ធផលនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនសម្តែងការខកចិត្ត និងសោកស្តាយខ្លាំងបំផុត ព្រោះកម្ពុជាបានឈ្នះការប្រកួតទាំងស្រុងទៅហើយបែរជាភ្លាត់ឱ្យគេតាមស្មើនៅ១នាទីចុងក្រោយ ឈានទៅដល់ការទាត់បាល់ ១១ម៉ែត្ររហូតដល់ចាញ់ការប្រកួតទៅវិញ៕
អត្ថបទ៖ អក្ខរា