ប្រជាពលរដ្ឋបានចំអកទៅកាន់ទណ្ឌិត សម រង្ស៊ី ថាបើចង់ដកត្រកូល«ហ៊ុន»ឈប់ឲ្យដឹកនាំប្រទេសទាល់តែកុំឲ្យប្រជាជនប្រមាណ១៧លាននាក់នៅកម្ពុជាទៅបោះឆ្នោត។ ការចំអកបែបនេះបានធ្វើឡើងក្រោយពីទណ្ឌិត សម រង្ស៊ី បានបង្ហោះនៅក្នុងគណនីហ្វេកបុករបស់ខ្លួនថា « បើចង់ដកកម្ពុជាចេញពីCLV ប្រជាពលរដ្ឋខ្មែរ នឹងដកត្រកូល “ហ៊ុន”ចេញ»។
ប្រជាពលរដ្ឋ បានលើកឡើងថា ពាក្យ«ដកចេញៗ» គឺតែងតែលឺជាយូរមកហើយ តែពុំដែលធ្វើអ្វីបាននោះទេ គឺចេញតែខ្លួនឯង តាំងពីរស់នៅស្រុកខ្មែររហូតដល់បារាំង និងតាំងពីជាមនុស្សធម្មតា រហូតមានឈ្មោះជាជនក្បត់ជាតិ៣ជំនាន់។
ប្រជាពលរដ្ឋខ្លះភាគច្រើនដែលជាយុវជន បានបញ្ជាក់ថា ទោះមិនកើតទាន់ក្នុងសម័យខ្មែរក្រហម ប៉ុន្តែតាមការស្តាប់និងដឹងពីយាយតា គឺសម័យនោះប្រជាពលរដ្ឋលំបាក គ្មានអាហារហូបចុកគ្រប់គ្រាន់ រស់នៅវេទនា។ ដោយឡែក បច្ចុប្បន្នប្រទេសកម្ពុជា មានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅមានសិទ្ធិសេរីភាព ហើយសន្តិភាពនេះ គឺសម្តេចតេជោ ហ៊ុន សែន ខិតខំរកមកដោយលំបាក។ ដូចនេះ លោ សម រង្ស៊ី ឈប់ញុះញង់ បំពុលសង្គម កុំបានតែស្រែកនៅក្រៅស្រុកអត់ប្រយោជន៍ ដែលគ្មានបានអ្វីមកវិញក្រៅពីបំផ្លាញជាតិ។ ហើយសង្ឃឹមថា លោក សម រង្ស៊ី ឈប់ញុះញង់ឲ្យខ្មែររើសអើងខ្មែរ ឈប់ញុះញង់ឲ្យប្រជាពលរដ្ឋខ្មែរមានការយល់ខុសចំពោះសម្តេចតេជោ ឬក៏រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយនឹងការលើកឡើងរបស់ប្រជាពលរដ្ឋនេះ សម្តេចតេជោ ហ៊ុន សែន ក៏លើកឡើងដែរថា ការនិយាយពីការដក ហ៊ុន សែន គឺសម្តេចបាន ឮនិយាយភាសាបែបនេះរាប់សិបឆ្នាំមកហើយ ប៉ុន្តែសម្តេចនៅតែបន្តការដឹកនាំប្រទេសដដែលទោះសម្តេចមិនធ្វើនាយករដ្ឋមន្ត្រីទៀតក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា «មើលដករបៀបណា? ដោយប្រដាប់អាវុធ?បដិវត្តន៍ពណ៌? រដ្ឋប្រហារ?បោះឆ្នោត? ខ្ញុំកំដរលេងបានគ្រប់ទម្រង់។»
អត្ថបទ៖ ពុទ្ធិកា