តារាសម្តែង អេង វ៉ាណង បានអះអាងថា នាងបានជាពីជំងឺមហារីកសុដន់មួយរយភាគរយហើយ បន្ទាប់ពីរស់នៅជាមួយជំងឺនេះអស់ពេល ២ ឆ្នាំ និង បានបាញ់គីមីចំនួន ៨ ដង ។ កម្លាំងចិត្តធំធេងដែលធ្វើឱ្យនាងតស៊ូជាមួយជំងឺនេះបាន គឺកូនជាទីស្រឡាញ់ទាំង ៣ នាក់ ។
តារាសម្តែង អេង វ៉ាណង បានរស់នៅជាមួយជំងឺមហារីកសុដន់អស់ពេល ២ ឆ្នាំ និងបានបាញ់គីមីចំនួន ៨ ដង ជីវិតរបស់នាងពេលនោះពិតជាលំបាកលំបិនខ្លាំង រស់នៅផ្ទះជួល មានពេលខ្លះស្ទើរតែរកអង្ករច្រកឆ្នាំងគ្មាន ចំណែកកូនៗទាំង ៣ ស្ទើរតែបោះបង់ការសិក្សាចោលអស់ទៅហើយ ពីព្រោះតែនាងគ្មានលទ្ធភាពចេញទៅធ្វើការ រកលុយចិញ្ចឹមគ្រួសារ ប៉ុន្តែសំណាងល្អបន្ទាប់ពីបាញ់គីមីចំនួន ៨ ដងរួច នាងប្រៀបដូចកើតជាថ្មី ត្រូវបានមិត្តភក្តិ សប្បុរសជនជាច្រើនជួយផ្តល់ជាថវិការ និងកម្លាំងចិត្តដល់រូបនាង ឱ្យនាងតស៊ូឡើងវិញ រហូតជំងឺមហារីកសុដន់ បានជាសះស្បើយមួយរយភាគរយ ។
ជាស្រ្តីមេម៉ាយមានកូន ៣ នាក់ក្នុងបន្ទុកមិនមែនជារឿងងាយស្រួលទេ តារាសម្តែង អេង វ៉ាណង មិនដែលត្អូញត្អែរក្នុងជីវិត ទោះបីជាត្រូវគេមើលងាយមើលថោក នាងបានតស៊ូរហូតកូនទាំង ៣ បានធំធាត់ និងបានចូលសាលារៀនត្រឹមត្រូវ ។ អេង វ៉ាណង បានប្រាប់ថា ដោយសារកូនទាំង ៣ នាក់ ទើបនាងប្រឹងរស់ដល់សព្វថ្ងៃនេះ ប៉ុន្តែដើម្បីទទួលបានសុខភាពល្អ នាងត្រូវតបអាហារជាច្រើនប្រភេទ ដូចជាគ្រឿងផ្អាប់ជាដើម ត្រូវរស់នៅស្អាត និងពិនិត្យសុខភាពតាមការណាត់របស់គ្រូពេទ្យជាប្រចាំ ។
ទន្ទឹមនិងការប្រកួតថាខ្លួនជាសះស្បើយពីជំងឺមហារីកសុដន់ ដោយមិនចាំបាច់បាញ់គីមីទៀតនោះ អេង វ៉ាណង ក៏បានទទួលសុំឱ្យផលិតករទាំងអស់ជួយផ្តល់ការងារឱ្យនាងធ្វើផង ដើម្បីទទួលបានប្រាក់ចំណូលចិត្តជីវិត និង កូនៗទាំង ៣ នាក់ឱ្យបានសិក្សាបន្ត ។ សម្រាប់សុខភាពរបស់នាងពេលនេះគឺល្អធម្មតា អាចធ្វើការងារដូចមុនមិនមានបញ្ហាអ្វីទាំងអស់ ។
តារាសម្តែង អេង វ៉ាណង បានប្រលូកក្នុងសិល្បៈអស់រយៈពេល ២០ ឆ្នាំហើយ នាងបានរៀបការមានគ្រួសារ ប៉ុន្តែសំណាងមិនល្អនាងក៏បានលែងលះគ្រួសារ និងរស់នៅជាស្រ្តីមេម៉ាយចិញ្ចឹមកូនទាំង ៣នាក់តែម្នាក់ឯង ដោយកូនច្បងមានវ័យ ១៣ ឆ្នាំ ។ នាងពុំទាន់មានផ្ទះសំបែងរស់នៅត្រឹមត្រូវនិងគេនៅឡើយទេ សព្វថ្ងៃនេះនាងរស់នៅផ្ទះជួលតូចចង្អៀត ៕