ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងត្រូវសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១២ ខែកញ្ញា ២០២៤ នេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី នៃកម្ពុជា។ ចំណតផែកុងតឺន័របន្ថែមនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១ ឧសភា ២០២៣ ក្រោមវត្តមានសម្តេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី និងលោក អ៊ូអិណុ អាត់ស៊ូស៊ី (H.E Mr. UENO Atsushi) អតីតឯកអគ្គជប៉ុន ប្រចាំនៅកម្ពុជា។ នេះបើតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។
ចំណតផែកុងតឺន័រថ្មីប្រវែង ២៥៣ ម៉ែត្រនេះ បានកែសម្រួលថ្មី ចំណាយថវិកាប្រមាណ៣២លានដុល្លារអាម៉េរិក ដោយបានបំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើបរួមមាន គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែប្រភេទ QC (០២ គ្រឿង) និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលានប្រភេទ RTG (០៦ គ្រឿង) ដែលជួយបង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមប្រមាណ ៣៥% (២៥០.០០០TEUs/១ឆ្នាំ)។
ក្រៅពីចំណតផែកុងតឺណ័រថ្មីនេះ ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី ១ ក៏បានប្រកាសបើកការដ្ឋានសាងសង់មានប្រវែង ៣៥០ ម៉ែត្រ មានជម្រៅទឹក ១៤,៥ ម៉ែត្រ មានសមត្ថភាពអាចឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ៦០.០០០ DWT (ឬស្មើនឹង ៤.០០០ TEUs) នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចដឹកជញ្ជូនទៅមកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយគ្រោងប្រើរយៈពេលសាងសង់ចំនួន ៣៦ ខែ ហើយគ្រោងបញ្ចប់នៅឆ្នាំ២០២៦។
បន្ទាប់ពីបញ្ចប់ការសាងសង់ក្នុងជំហានទី១ហើយនោះ រាជរដ្ឋាភិបាលគ្រោងពង្រីកការសាងសង់ក្នុងជំហានទី២ និងទី៣បន្ថែមទៀត។ ជំហានទី២ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ១២ម៉ឺនតោន ឬស្មើនឹង ១ម៉ឺន TEUs មានផ្លូវដឹកជញ្ចូននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែសរុបរហូតដល់ប្រមាណជាង ១,៨លានTEUs ក្នុងមួយឆ្នាំ។
គម្រោងទាំងអស់នេះ គម្រោងទាំងនេះ ប្រើប្រាស់ថវិកាសរុបប្រមាណ ៩៧៣លានដុល្លារអាម៉េរិកក្នុងនោះ ឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុនចំនួនប្រមាណ ៧៦០លានដុល្លារអាមេរិក ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ពន្ធអាករផ្សេងៗចំនួនប្រមាណ ១៩២លានដុល្លារអាមេរិក និងថវិកាផ្ទាល់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនប្រមាណ ២១លានដុល្លារអាមេរិក។
កម្ពុជាដាក់ផែនការប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ឱ្យទៅជាកំពង់ផែអន្តរជាតិខ្នាតធំ (Hub Port) ក្នុងតំបន់។ តាមការសិក្សាសមិទ្ធិលទ្ធភាពគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីទាំង ៣ ជំហាន នឹងប្រែក្លាយសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្នជាកំពង់ផែអន្តរជាតិខ្នាតតូច ឱ្យទៅជាកំពង់ផែអន្តរជាតិខ្នាតធំ ប្រកបដោយភាពប្រកួតប្រជែង ដែលអនុញ្ញាតឱ្យនាវាកុងតឺន័រ ធុនធំពីគ្រប់តំបន់នៅក្នុងពិភពលោក អាចចូលចតបានដោយងាយស្រួល និងឆាប់រហ័ស ដោយពុំមានឧបសគ្គលើជម្រៅទឹកទៀតឡើយ៕