ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានកត់សម្គាល់ឃើញថា យុទ្ធសាស្ត្រដដែលៗរបស់បក្សពួកសម រង្ស៊ី គឺញុះញង់បំបែកបំបាក់ផ្ទៃក្នុងជាតិ ហើយរុញខ្មែរឲ្យស្អប់គ្នា បង្កើតឲ្យមានកាតយល់ច្រលំ ។
ការកត់សម្គាល់និងលើកឡើងរបស់ឯកឧត្តមបែបនេះ ដោយសារថ្មីៗនេះ គណនីហ្វេកបុកឈ្មោះ samdach seng ratana ដែលស្និទ្ធនឹងទណ្ឌិតក្បត់ជាតិ សម រង្ស៊ី បានសរសេរបង្ហោះថា« ត្រកូលស និងចាប់ដៃជាមួយត្រកូលទៀ ដើម្បីផ្តួលរំលំត្រកូលហ៊ុននៅក្នុងពេលឆាប់ៗខាងមុខនេះ»។
ជាការឆ្លើយតប ឯកឧត្តម គួច វែងស្រ៊ុន បានលើកឡើងថា ត្រកូល ស និងត្រកូលទៀ បូករួមនឹងត្រកូលភាគច្រើនលើសលុបនៅកម្ពុជា បានចាប់ដៃគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោតតាមការកំណត់យ៉ាងទៀងទាត់ ដើម្បីផ្តល់ជូនឲ្យត្រកូលហ៊ុន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេស ហើយកម្ចាត់ចោលក្រុមក្បត់ជាតិ ប្រឆាំងការអភិវឌ្ឍជាតិ និងប្រឆាំងសន្តិភាពនៅកម្ពុជា។
ឯកឧត្តម បានបន្តថា យុទ្ធសាស្ត្រដដែលនេះ តែងកើតមានសម្រាប់ក្រុមអ្នកឯង ដែលបែកខ្ចាត់ខ្ចាយតាំងពីធំ រហូតរលាយរត់ចោលស្រុក ស្លាប់ទៅគ្មានសល់ឆ្អឹង ឬធាតុមកធ្វើបុណ្យនៅស្រុកវិញ ព្រោះក្រុមអ្នកឯងមិនដែលធ្វើអ្វីសាកសមជាមនុស្សដែលមានឈាមជាខ្មែរសូម្បីបន្តិច។ ស្តាយមានសារជាតិជាខ្មែរ តែមិនដែលធ្វើដើម្បីខ្មែរ ក្រៅពីញ៉ុះញ៉ង់បំបែកបំបាក់ជាតិ និងផ្ទៃក្នុងជាតិ ហើយរុញខ្មែរឲ្យស្អប់គ្នា បង្កើតការយល់ច្រលំ តែរិតតែធ្វើ រិតតែធ្វើឲ្យគេកាន់តែស្រលាញ់គ្នាទ្វេរដង និងរិតតែត្រូវរួមគ្នាកម្ចាត់ក្រុមអ្នកឯងទោះក្នុងតម្លៃណាក៏ដោយ។
ទន្ទឹមគ្នានេះ ឯកឧត្តម បានសង្កត់ធ្ងន់ថា កម្ពុជា មានថ្នាក់ដឹកនាំជាច្រើនដែលបានរួមគ្នាដឹកនាំនាវាកម្ពុជាពីភ្នក់ភ្លើងសង្គ្រាម សង្គ្រោះជីវិត ស្រោចស្រង់ជាតិពីគំនរផេះផង់បាតដៃទទេ, បង្រួបបង្រួមជាតិ ឯកភាពជាតិ នាំសន្តិភាពជូនប្រជាជន និងការអភិវឌ្ឍ ពិសេសផ្តល់នូវសិទ្ធិសេរីភាពពេញលេញក្នុងការរស់នៅយ៉ាងពេញលេញទាំងការងារប្រចាំថ្ងៃ និងទទួលមនុញ្ញផលនៃការអភិវឌ្ឍជាតិ៕
អត្ថបទ៖ ពុទ្ធិកា