ក្រសួងទេសចរណ៍ ចុះMOUជាមួយក្រុមហ៊ុន Visa Worldwide ផ្ដោតលើការទូទាត់តាមឌីជីថល ក្នុងវិស័យទេសចរណ

ក្រសួងទេសចរណ៍ ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយនឹងក្រុមហ៊ុន Visa Worldwide PTE. Limited ផ្ដោតលើចំណុចសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ មួយចំនួនក្នុងវិស័យទេសចរណ៍។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា បានធ្វើឡើងនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមវត្តមានឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Arturo Planell អ្នកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន Visa Worldwide PTE. Limited។

អនុស្សរណៈនៃការយោគយល់គ្នានេះ ផ្ដោតលើចំណុចសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ រួមមាន៖ ការចែករំលែកទិន្នន័យ ការគាំទ្រផ្នែកទីផ្សារ ការកសាងសមត្ថភាពនិងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល និងការផ្លាស់ប្តូរបរិបទឌីជីថល ដែលផ្ដោតលើការទូទាត់តាមឌីជីថលក្នុងវិស័យទេសចរណ៍ទាំងមូល។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ពីភាពជាដៃគូយ៉ាងសំខាន់របស់ក្រុមហ៊ុន Visa Worldwide PTE. Limited ក្នុងការកសាងប្រព័ន្ធបច្ចេកវិទ្យាមួយដ៏រឹងមាំ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងទូទាត់សម្រាប់ទេសចរនៅកម្ពុជា៕