រដ្ឋគ្រោង​ពង្រាយ​មន្ត្រីកសិ​កម្ម​ឃុំ​​ចំនួន ​១ពាន់​នាក់​​បន្ថែម នៅឆ្នាំក្រោយ ដើម្បី​​ពន្លឿន​ជួយ​​កសិករ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល គ្រោងនឹងពង្រាយមន្ត្រីកសិកម្មឃុំចំនួន១០០០នាក់បន្ថែមទៀត ដើម្បីពន្លឿនការជួយកសិករនៅតាមឃុំ ព្រោះកសិករត្រូវការជំនួយបច្ចេកទេស។

នៅក្នុងពិធីបិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ នៅរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ការបញ្ជូនមន្ត្រីកសិកម្មទៅកាន់មូលដ្ឋានឃុំនេះ គឺដើម្បីកាត់បន្ថយថ្លៃដើមនៃការផលិត ផលិតទិន្នផលឱ្យច្រើនជាងមុន ព្រោះដីអត់រីកទេ តែដែលសំខាន់គឺធ្វើឱ្យចំណូលប្រជាពលរដ្ឋ កាត់បន្ថតម្លៃដើម ហើយជួយរក្សានូវចំណូលរបស់ប្រជាកសិករឱ្យបានច្រើន»។

សម្ដេចធិបតី បានប​ញ្ជាក់បន្តថា រាជរដ្ឋាភិបាលតែងតែផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យកសិកម្ម ជាក់ស្ដែង រាជរដ្ឋា​ភិបា​ល បានដាក់ចេញកម្មវិធីគោលនយោបាយ​លើកស្ទួយ​ផលិត​​កម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹង​ថ្លៃកសិផល តាមរយៈកម្មវិធី​​ហិរញ្ញ​ប្ប​ទាន និងកម្មវិធីគោលនយោបាយការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ ហើយកម្មវិធីទាំងនេះ កំពុងអនុវត្តយ៉ាងសកម្ម ដើម្បីឆ្លើយតបបន្ទាន់ទៅ តម្រូវការនឹងបញ្ហាជីវភាព​របស់ប្រជាពល​រដ្ឋ។

គួរបញ្ជាក់ថា មក​ទល់​​ពេល​នេះ មន្ត្រី​បច្ចេកទេស​កសិកម្ម​ចំនួន ២៥០​នាក់ បាន​​ប្រឡង​ជ្រើស​រើស​និង​បាន​ដាក់​ពង្រាយ​នៅ​តាម​ឃុំ​គោល​ដៅ​ចំនួន ២៥០ ឃុំ នៅ​ក្នុង​ស្រុក​ចំនួន ៨៩ ក្នុង​ខេត្ត​ចំនួន ១៧ រួច​ហើយ ។ មន្ត្រីកសិកម្មឃុំ មានតួនាទីក្នុងការជួយគាំទ្រ លើការងារបច្ចេកទេស ការផ្តល់ព័ត៌មាន ការប្រឹក្សាយោបល់ និងជួយដោះស្រាយបញ្ហា ពាក់ព័ន្ធការងារកសិកម្ម ការណែនាំពីរបៀបប្រើប្រាស់ទឹក ដើម្បីឲ្យសមស្របនឹងប្រភេទដំណាំ ដែលកសិករបានដាំដុះ៕

អត្ថបទ៖ ពុទ្ធិកា