អាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមហោះហើរសាកល្បងកាលពីថ្ងៃទី០៨ ខែកញ្ញា ម្សិលមិញនេះ

អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមឱ្យយន្តហោះ ហោះហើរសាកល្បងរយៈពេលប្រាំថ្ងៃ ដើម្បីត្រៀមបើកប្រតិបត្តិការ ហោះហើរ ពេញលេញ ក្នុងឆមាសទី១ ឆ្នាំ ២០២៥។

ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលការ ហោះហើរសាកល្បងនឹងធ្វើឡើងនៅថ្ងៃទី០៨ រហូតដល់ថ្ងៃទី១២ ខែកញ្ញានេះ។ វាគឺជាប្រតិបត្តិការដើម្បីពិនិត្យមើលផ្នែកបច្ចេកទេស និងឧបករណ៍ចាំបាច់មួយចំនួន ជាពិសេសឧបករណ៍នាំផ្លូវ និងប្រព័ន្ធវិទ្យុទាក់ទងជាដើម។

ឯកឧត្តមបញ្ជាក់ថា Fly test នេះ គឺត្រូវធ្វើច្រើនដង ដោយប្រើយន្តហោះខ្នាតតូចបំពាក់ដោយឧបករណ៍ពិសេសសម្រាប់ ហោះចុះឡើង ដើម្បីធានាថា ឧបករណ៍នាំផ្លូវចុះចតទាំងអស់ក្នុងអាកាសយានដ្ឋានធ្វើការប្រកបដោយសុវត្ថិភាព។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋាន ធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលមានលំដាប់ 4F និងអនុញ្ញាតឱ្យយន្តហោះខ្នាតធំបំផុតរបស់ពិភពលោក ដូចជាយន្តហោះប៊ូអ៊ីង ៧៤៧-៨០០ និងអ៊ែប៊ូស អេ៣៨០-៨០០ ចុះចតបាន។ យន្តហោះយក្សរបស់អាមេរិក និងរបស់អឺរ៉ុបទាំងពីរប្រភេទនេះ អាចផ្ទុកអ្នកដំណើរបានច្រើនជាង ៥០០នាក់។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បញ្ជាក់ថា ការសាងសង់អាកាសយានដ្ឋាន ថ្មីនេះ កំពុងដំណើរការនៅឡើយ ពោលការសាងសង់បានជិត ៨៤ភាគរយ ដោយចំណាយថវិកាអស់ ១ ២២០លានដុល្លារ ក្នុងគម្រោងថវិកាសរុបចំនួន ១ ៥០០លានដុល្លារអាមេរិក។

បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិក្រុងភ្នំពេញកំពុងដំណើរការនៅឡើយ។ អាកាសយានដ្ឋាននេះ  នឹងត្រូវបិទទ្វារក្នុងអំឡុង ឆមាសទី១ នៃឆ្នាំ២០២៥ គឺនៅពេលដែលអាកាយានដ្ឋានថ្មីចាប់ផ្តើមដំណើរការ។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវ ចម្ងាយប្រមាណ ២០គីឡូម៉ែត្រ ភាគខាងត្បូងរាជធានី ភ្នំពេញ។ អាកាសយានដ្ឋាននេះ សាងសង់លើផ្ទៃដីទំហំ ២ ៦០០ហិកតា ដែលជាការវិនិយោគរួមគ្នារវាងរាជរដ្ឋ ភិបាលកម្ពុជា និងក្រុមហ៊ុន OCIC៕

AKP