កម្ពុជា ​ស្វែងរកការ​វិនិយោគបន្ថែមពី​​ពិព័រណ៍អន្តរជាតិចិន លើកទី២៤

តាមរយៈ“ពិព័រណ៍អន្តរជាតិចិនលើកទី២៤ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម” លើកទី២៤ ដែលរៀបចំឡើងនៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីគោលបំណងរបស់កម្ពុជា ដែលកំពុង​ស្វែងរ​ក​មធ្យោបា​យ​ថ្មីនៃ​កិច្ចសហ​ប្រតិបត្តិការ និងការវិនិយោគនៅក្នុងវិស័យដូចជា បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងសុន្ទរកថាគន្លឹះក្នុងពិធិបើក «ពិព័រណ៍អន្តរជាតិចិនលើកទី២៤ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសរំលេចថា ព្រឹត្តិការណ៍ព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគ និងពាណិជ្ជកម្មនេះ មិនត្រឹមតែបង្ហាញអំពីសារៈសំខាន់នៃកម្លាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក តាមរយៈ​ការលើកកម្ពស់ឱកាសវិនិយោគ និងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគូសបញ្ជាក់អំពីតួនាទីយ៉ាងសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការជំរុញ​កំណើនប្រកបដោយចីរភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា កិច្ចការងារវិនិយោគ និងពាណិជ្ជកម្ម គឺជាក្បាលម៉ាស៊ីនដែលជំរុញឱ្យមានការបង្កើតបច្ចេកវិទ្យា ការងារ និងសសរស្តម្ភនៃស្ថិរភាពសេដ្ឋកិច្ច។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី​ ជឿជាក់ថា តាមរយៈការវិនិយោគ កម្ពុជាអាចកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពាសពេញផ្ទៃប្រទេស ទ្រទ្រង់លើភាពរីកចម្រើន​នៃធុរកិច្ចឧ​ស្សា​ហ​កម្មដើម្បីកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាការនាំមកនូវបច្ចេកវិទ្យាថ្មីៗដែលនឹងជួយសម្រួលដល់ការរស់នៅផងដែរ។

ជាងនេះទៅទៀត តាមរយៈពាណិជ្ជកម្ម កម្ពុជាអាចចូលរួមផ្លាស់ប្ដូរកម្លាំងពលកម្ម ដែលអាចបង្កើតការងារ ការផ្លាស់ប្តូរជំនាញ ព្រមទាំងបង្កើនចំណងនៃការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិនានានៅលើសកលលោក។

គួរបញ្ជាក់ថា ពិព័រណ៍អន្តរជាតិចិនលើកទី២៤ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម” លើកទី២៤ បានប្រារព្ធពិធីបើកក្រោមអធិបតីភាពលោក He Lifeng ឧបនាយករដ្ឋមន្ត្រី និងជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ព្រមទាំងមានការចូលរួមយ៉ាងកុះករពីថ្នាក់ដឹកនាំធំៗរបស់សាធារណរដ្ឋប្រជាមានិតចិន ឥស្សរជនជាន់ខ្ពស់នៃអេមីរ៉ាតអារ៉ាប់រួម ទីភ្នាក់ងារជំរុញការវិនិយោគបរទេស អង្គការអន្តរជាតិ សហគ្រាស និងតំណាងធុរកិច្ច មកពីប្រមាណ ៣០ប្រទស ជុំវិញពិភពលោក៕

អត្ថបទ៖ ពុទ្ធិកា