នំបញ្ចុកសៀមរាប ដែលផលិតឡើងតាមបែបបុរាណមានរសជាតិឆ្ងាញ់ និងកេរ្តិ៍ឈ្មោះ ល្បីល្បាញ ត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាល ខេត្តសៀមរាប ចុះសិក្សានិងវាយតម្លៃចុះបញ្ជីម៉ាកសមូហភាព។
លោក ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម នៅក្នុងមហាសន្និបាត កំណើតដំបូងរបស់ក្រុមអ្នកផលិត និងអាជីវករ នំបញ្ចុកសៀមរាប ស្ថិតនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី៤ ខែមេសា បានលើកឡើងថា ការចុះបញ្ជីម៉ាកសមូភាពនំបញ្ចុកសៀមរាបនេះ មានសារៈសំខាន់ណាស់ទី១គឺដើម្បីចងក្រងសៀវភៅបន្ទុកមួយ និងរូបមន្តនៃការផលិតនំ បញ្ចុកសៀមរាប ពីព្រោះថា កន្លងមកនេះ ប្រជាពលរដ្ឋអ្នកផលិតនំបញ្ចុកនៅឃុំព្រះដាក់ តែងតែផលិតនំបញ្ចុកឡើងតាមទម្លាប់ពីដូនតាយើងមក ប៉ុន្តែពុំទាន់បានចងក្រងជា ឯកសារអំពីរូបមន្តនៃការផលិតនៅឡើយទេ។
លោកគូសបញ្ជាក់ថា ការចុះបញ្ជីម៉ាកសមូភាពនេះ ក៏អាចទាក់ ទាញភ្ញៀវទេសចរមកទទួលទាននំបញ្ចុកបានកាន់តែច្រើន។ លោកដាក់ក្តីរំពឹងថា នៅថ្ងៃអនាគត នឹងមានការជំរុញឱ្យមានការវេចខ្ចប់ នំបញ្ចុក ក្រៀមសម្រាប់ការនាំចេញផងដែរ។
សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មគ្រោងនឹងដាក់សម្ពោធឱ្យប្រើ ប្រាស់ជាផ្លូវការម៉ាក សម្គាល់ភូមិសាស្ត្រទំនិញរួមមាន៖ “អំបិលកំពតកែប” “បង្កងតាកែវ” និង “ទឹកត្រីកំពត-កែប” និងម៉ាកសមូហភាព “អំបុកកំពង់ធំ” “នំបញ្ចុកសៀមរាប” “ក្រូចថ្លុងកោះពីរ” និង “ដូងខ្ទះបាត់ដំបង” នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃប្រារព្ធពិធីទិវាកម្ម សិទ្ធិបញ្ញាពិភពលោក ដែលកម្ពុជា ជាសមាជិក នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក(WIPO)។ កន្លងមកក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដែលមានសក្តានុពល ចំនួន ៤ រួមមាន៖ “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” “ក្រូចថ្លុងកោះទ្រង់” “ទឹកឃ្មុំព្រៃមណ្ឌលគិរី” និងបានចុះបញ្ជីម៉ាកសមូហភាព ចំនួន ៣ រួមមាន៖ “គុយទាវភ្នំពេញ” “អំបុកកំពង់ធំ” “អង្ករព្រះ វិហារ”៕