ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤ នេះបានលើកឡើងថា បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានពង្រីកស្នាក់ការកណ្តាល និងសាខារបស់ខ្លួនបានចំនួន ៣៦ទីតាំងហើយនៅទូទាំងប្រទេសសម្រាប់ប្រតិបត្តិការងារ និងបម្រើសេវាកម្មជូនដល់សាធារណជន។
ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា យន្តការក្នុងការពង្រីកសាខា របស់ ប.ស.ស. នេះគឺស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពីគោលនយោបាយពង្រីកវិសាលភាពសេវា ប.ស.ស. របស់រដ្ឋ ធ្វើយ៉ាងណាសេវាសាធារណៈមួយនេះទៅកាន់តែជិតដល់មូលដ្ឋានប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋចុះជាសមាជិកឱ្យបានគ្រប់ៗគ្នា។
ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមផងដែរថា ស្នាក់ការកណ្តាល និងសាខា ប.ស.ស. នៃក្រសួងការងារទាំងអស់នៅទូទាំងប្រទេសបានប្រតិបត្តិការងារ និងបម្រើសេវាកម្មផ្តល់ជូនដល់សាធារណជនជារៀងរាល់ថ្ងៃ ចាប់ពីចន្ទ ដល់អាទិត្យ ចាប់ពីម៉ោង ៨៖៣០នាទី ដល់ម៉ោង ១៧៖៣០នាទី លើកលែងស្នាក់ការកណ្តាលដែលបម្រើសេវាកម្មផ្តល់ចាប់ពីម៉ោង ៧៖០០នាទីដល់ម៉ោង ២២៖ ០០នាទី រួមមានការចុះបញ្ជីសហគ្រាស និងសមាជិក ការទទួលបង់ភាគទាន ការទទួលសំណើសុំទូទាត់តាវកាលិក និងថ្លៃសេវាព្យាបាល និងការទទួលដោះស្រាយពាក្យបណ្តឹងផ្សេងៗ។
ឯកឧត្តមរដ្ឋលេខាធិការបន្តថា ប.ស.ស. ក៏មានបម្រើសេវាអតិថិជនពេញ ២៤ម៉ោង/ថ្ងៃ និង ៧ថ្ងៃ/សប្តាហ៍ តាមរយៈបណ្តាញទូរសព្ទឥតគិតថ្លៃ ១២៨៦ និង១២៩៧ សម្រាប់ទទួលហៅចូលដើម្បីសាកសួរព័ត៌មានអំពីរបបសន្តិសុខសង្គម ការឆ្លើយតបនូវសំណួរសាធារណជន រួមទាំងបណ្តឹងតវ៉ាផ្សេងៗផងដែរ។
ប.ស.ស. ក៏មានបណ្តាញសង្គមនានាដូចជា គេហទំព័រ ប.ស.ស. ហ្វេសប៊ុក តេឡេក្រាម តិកតុក និងយូធូបផងដែរ សម្រាប់ផ្សព្វផ្សាយអំពីប្រតិបត្តិការនៃការអនុវត្តរបបសន្តិសុខសង្គម និងការផ្តល់ព័ត៌មានថ្មីៗអំពីវឌ្ឍនភាពរបស់ ប.ស.ស.។
ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ក្រសួងការងារក៏បានបើកដំណើរការ សាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ថ្មីមួយទៀតកាលពីដើមខែ សីហា ឆ្នាំ២០២៤ កន្លងទៅ ដែលមានទីតាំងនៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ហើយសាខាថ្មីមួយនេះកំពុងដំណើរការរបស់ខ្លួនក្នុងការផ្តល់សេវាសាធារណៈជូនពលរដ្ឋយ៉ាងសកម្ម និងទទួលបានលទ្ធផលជាទីគាប់ប្រសើរផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០២៤ នេះបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) មានសមាជិកកំពុងមានសិទ្ធិទទួលបានរបបសន្តិសុខសង្គមសរុបចំនួនជាង ២,៤៧ លាននាក់។ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សាធារណជនទាំងអស់សូមធ្វើការចុះឈ្មោះដើម្បីក្លាយជាសមាជិករបស់ ប.ស.ស. ឱ្យ បានគ្រប់ៗគ្នា ដើម្បីទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃ និងដើម្បីកាត់បន្ថយចំណាយលើថ្លៃសេវាថែទាំសុខភាពរបស់បងប្អូនប្រជាពលរដ្ឋផងដែរ៕