ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អបអរសាទរ ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានចាត់ទុកជា «គោលដៅវប្បធម៌ឈានមុខគេនៅអាស៊ីប្រចាំឆ្នាំ២០២៤» ដោយស្ថាប័នពានរង្វាន់ទេសចរណ៍ពិភពលោក (World Travel Award)។
ឯកឧត្តមបានសរសេរលើគណនីហ្វេសប៊ុកនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះថា៖ “នេះជាកិត្តិយសដែលព្រះរាជាណាចក្រកម្ពុជា សក្តិសមនឹងទទួលបាន ក្នុងនាមជាទឹកដីអច្ឆរិយៈ ដែលមានប្រាង្គប្រាសាទដ៏ល្អវិចិត្រ និងមរតកវប្បធម៌អរូបីដ៏សំបូរបែប។ ជាមួយនឹងមោទនភាពថ្មីនេះ ព្រះរាជាណាចក្រកម្ពុជានឹងកាន់តែមានភាពល្បីរន្ទឺសុះសាយកាន់តែខ្ពស់ឡើង ជាពិសេស ជំរុញកំនើនភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀត”។
គួរជម្រាបថា កម្ពុជាទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ ជាលើកទី៤ ហើយ។ ការជាប់ជាគោលដៅវប្បធម៌ឈានមុខគេរបស់អាស៊ី សម្រាប់ឆ្នាំ២០២៤ ជារឿងគួរឲ្យភ្ញាក់ផ្អើល ព្រោះកម្ពុជាទទួលបានចំណាត់ថ្នាក់ល្អ ក្នុងចំណោមប្រទេសលេចធ្លោផ្សេងទៀត ដូចជាឥណ្ឌា ជប៉ុន នេប៉ាល់ ស្រីលង្កា ថៃ និងវៀតណាម៕
អត្ថទ៖ អក្ខរា