សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម កាណាត់ ទូមិសហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ចូលជូនសារតាំង នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។
ឯកឧត្តម បានពាំនាំការសួរសុខទុក្ខនិងការគោរពរាប់អានរបស់ឯកឧត្តម Kassym-Jomart Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន គោរពជូនសម្តេចតេជោ ប្រមុខរដ្ឋស្តីទី ដោយឯកឧត្តមប្រធានាធិបតី តែងគោរពកោតសរសើរសម្តេចតេជោ ក្នុងឋានៈជាមេដឹកនាំដ៏អស្ចារ្យម្នាក់ក្នុងពិភពលោក បានលះបង់ខ្ពស់ដើម្បីការពារ សន្តិភាព និងអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា កាហ្សាក់ស្ថាន តែងតែចាត់ទុកកម្ពុជា ជាដៃគូដ៏ល្អប្រសើរមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយកន្លងមកប្រទេសទាំងពីរតែងគាំទ្រគ្នា ក្នុងកម្រិតអង្គការអន្តរជាតិដូចជា អង្គការសហប្រជាជាតិ សន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តអាស៊ី (CICA) វេទិកាអាស៊ីអឺរ៉ុប និងសមាគមអាស៊ាន ផងដែរ។ ចំពោះគោលនយោបាយការបរទេសវិញ កាហ្សាក់ស្ថាននៅតែបន្តពង្រឹងទំនាក់ទំនងការទូត និងមិត្តភាពជាមួយកម្ពុជា គ្មានថ្ងៃផ្លាស់ប្តូរ។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត បានអញ្ជើញសម្តេចតេជោ បំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋកាហ្សាក់ស្ថាន និងចូលរួមសន្និសីទអន្តរជាតិដែលកាហ្សាក់ស្ថានធ្វើជាម្ចាស់ផ្ទះ ដើម្បីសម្តេចតេជោ អាចចែករំលែកបទពិសោធ ទស្សនៈដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិត ទៅដល់ថ្នាក់ដឹកនាំនៃបណ្តាប្រទេសដទៃទៀត ជាពិសេសគឺបណ្តាប្រទេសនៅអាស៊ីកណ្តាល។
សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានរំលឹកថា សម្តេចធ្លាប់អញ្ជើញទៅទស្សនកិច្ចនៅកាហ្សាក់ស្ថាន ក្នុងឆ្នាំ១៩៨២ តាំងពីប្រទេសនេះនៅក្នុងសហភាពសូវៀតនៅឡើយ ដែលបានសេចក្តីថាយើងមានទំនាក់ទំនងនឹងគ្នាលើសពី៣០ឆ្នាំ។ ក្នុងដំណើរទស្សនកិច្ច សម្តេចនៅចាំបានថា ទឹកដីកាហ្សាក់ស្ថានត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលថាមពលនុយក្លេអ៊ែ នាសម័យនោះ។
ជាមួយគ្នានេះ សម្តេចតេជោ រីករាយនឹងទទួលយកការអញ្ជើញទៅធ្វើបាឋកថា ឬសុន្ទរកថា ក្នុងវេទិកាអន្តរជាតិ ដើម្បីចែករំលែកបទពិសោធន៍ និងទស្សនៈនយោបាយ ក្នុងឋានៈធ្លាប់ជានាយករដ្ឋមន្រ្តីដែលក្មេងជាងគេ និងជានាយករដ្ឋមន្រ្តី ដែលកាន់តំណែងយូរជាងគេក្នុងពិភពលោក៕