ថ្មីៗនេះតារាចម្រៀងនៅក្នុងផលិតកម្ម ហង្សមាស បានដើរចេញពីទីនោះជាបន្តបន្ទាប់ សូម្បីតារាចម្រៀង សុគន្ធ នីសា ក៏មានព័ត៌មានថានឹងចេញពីទីនោះក្នុងពេលឆាប់ៗខាងមុខផងដែរបន្ទាប់ពីនាងត្រឡប់មកពី អាមេរិក វិញ ។ ដោយឡែកថ្មីៗនេះតារាចម្រៀង វី ឌីណែត ក៏មានគម្រោងនឹងចេញពីទីនោះផងដែរ ក្រោយចប់កុងត្រា ដូច្នេះហើយទើបមួយរយៈពេលចុងក្រោយនេះនាងមិនសូវសប្បាយចិត្តបន្ទាប់ទេ ។
វី ឌីណែត គឺជាតារាចម្រៀងស្រីមួយរូបដែលទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន នាងបានចុះកុងត្រាការងារជាមួយផលិតកម្ម ហង្សមាស តាំងពីឆ្នាំ ២០១៤ និងបន្តកុងត្រារហូតមកដល់ពេលនេះ ជាច្រើនឆ្នាំនៅទ្រនំចាស់ នាងទទួលបានការងារ និង កេរ្តិ៍ឈ្មោះល្បីល្បាញមិនធម្មតាទេ រហូតមានបណ្តាក្រុមហ៊ុនជាច្រើនអញ្ជើញនាងចូលរួមកម្មវិធីនានា …។
អ្វីដែលប្លែកនោះគឺមួយរយៈពេលចុងក្រោយនេះ វី ឌីណែត ពុំសូវមានបទចម្រៀងណាផ្ទុះខ្លាំងដូចមុនទេ ភាគច្រើននាងលេចមុខតាមការប្រគំតន្រ្តីតាមកម្មវិធីនៅខេត្តក្រុងប៉ុណ្ណោះ ដោយនាងបានលើកយកបទចម្រៀងចាស់ៗរបស់ខ្លួនមកបកស្រាយ ព្រមទាំង Remix បទចម្រៀងទាំងនោះទៅជាបទញាក់វិញ ។ ដោយសារមើលឃើញមួយរយៈពេលនេះតារាចម្រៀង វី ឌីណែត ហាក់បីដូចជាក្រៀមក្រំ និង ស្ងប់ស្ងាត់ប្លែក ស្រាប់តែលេចលឺព័ត៌មានថា វី ឌីណែត ហាក់មិនសប្បាយចិត្តប៉ុន្មានទេ ព្រោះមានបញ្ហារឿងកន្លែងការងារ នាងអាចដើរចេញពីកន្លែងចាស់ដែលនាងធ្លាប់បានឱ្យនាងល្បីឈ្មោះ ដើម្បីធ្វើជាតារាចម្រៀងឯករាជ្យវិញ ។
ចំពោះរឿងនេះតារាចម្រៀង វី ឌីណែត នៅពុំទាន់បានបកស្រាយអ្វីទាំងអស់ នាងបានត្រឹមតែនិយាយថា រងចាំ ។
ខណៈពេលដែលពោលពាក្យរងចាំនេះ វី ឌីណែត បែរជាត្រៀមចេញបទចម្រៀងនៅលើ យូធូប ផ្ទាល់ខ្លួនទៅវិញ ដោយមិនចេញនៅក្នុងផលិតកម្មដូចមុនទេ ។ បទចម្រៀងទាំងនោះនឹងចេញក្នុងពេលឆាប់ៗខាងមុខ ជាមួយនិងការស្ទាយថ្មី បទចម្រៀងថ្មី ដែលជាស្នាដៃរបស់នាងនិងឪពុកខ្លួនដែលបានធ្វើ ។
ថ្វីដ្បិតតែមិនបានបញ្ជាក់លំអិតពីរឿងចាក់ចេញពីទ្រនំចាស់ ស្រាប់តែលោក ហួរ ឡាវី ដែលជាឪពុករបស់តារាចម្រៀង វី ឌីណែត បានបង្ហើបប្រាប់ថា វី ឌីណែត ជិតផុតកុងត្រាហើយ នាងត្រៀមចេញបទចម្រៀងថ្មីៗក្នុងពេលឆាប់ៗខាងមុខនេះយ៉ាងពិតប្រាកដមែន ។
អ្នកគាំទ្រជាច្រើនកំពុងទន្ទឹងរងចាំមើលស្នាដៃថ្មីរបស់ វី ឌីណែត មិនថានាងច្រៀងនៅក្នុងផលិតកម្មចាស់ ឬ ធ្វើជាតារាចម្រៀងឯករាជ្យនោះទេ នាងនៅតែស្ថិតក្នុងបេះដូងអ្នកគាំទ្រដដែល ៕