សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក Lucius Daniels នាយកប្រចាំតំបន់អាស៊ី នៃទស្សនាវដ្ដី News Week នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី៣ កញ្ញា ២០២៤។
ក្នុងឱកាសនៃជំនួប លោក Lucius Daniels នាយកប្រចាំតំបន់អាស៊ី នៃទស្សនាវដ្តី Newsweek បានបញ្ជាក់ថា ទស្សនាវដ្តី Newsweek មានគោលបំណងជួយផ្សព្វផ្សាយអំពីសមិទ្ធផល សក្ដានុពល និងការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ទៅកាន់ពិភពលោក។
លោក Lucius Daniels បានចាប់អារម្មណ៍ចំពោះការបន្តរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងសុខសុវត្ថិភាពនៅកម្ពុជា ក៏ដូចជាភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា និងបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលជាច្រេីនក្នុងរយៈពេល១ឆ្នាំ រួមមានជាអាទិ៍៖ ការកសាងអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ និងការកែលម្អបរិយាកាសវិនិយោគឱ្យតែល្អប្រសើរ នៅកម្ពុជា។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវក្ដីសោមនស្សរីករាយ និងអរគុណចំពោះទស្សនាវដ្តី Newsweek ដែលបានចាប់អារម្មណ៍ក្នុងការជួយផ្សព្វផ្សាយអំពីទិដ្ឋភាពជាក់ស្តែង និងសក្តានុពលកម្ពុជា ប្រកបដោយតុល្យភាពទៅកាន់ពិភពលោក និងបានលើកទឹកចិត្តឱ្យផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីទទួលបានព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយ ក្នុងការផ្សព្វផ្សាយទៅកាន់ពិភពលោក។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ ព្រមទាំងដាក់ចេញកម្មវិធីគោលនយោបាយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ជីវភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការធានាអោយបាននូវសុខសន្ដិភាព និងស្ថិរភាពនយោបាយ និងការកសាងមូលធនមនុស្ស ការកែទម្រង់ប្រព័ន្ធអប់រំ និងលើកកម្ពស់វិស័យសុខាភិបាល ក៏ដូចជាការធានាបាននូវបរិយាកាសវិនិយោគល្អប្រសើរ និងប្រកបដោយភាពទាក់ទាញ៕
អត្ថបទ៖ ពុទ្ធិកា