លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសម្តេចចៅហ្វាវាំង គង់ សំអុល ដែលបានទទួលមរណភាពដោយជរាពាធ។
លោកឯកអគ្គរដ្ឋទូត បានបង្ហោះសារលើបណ្តាញសង្គមផ្លូវការនៅល្ងាចថ្ងៃទី៣ ខែកញ្ញានេះថា៖ “ខ្ញុំមានសេចក្ដីតក់ស្លុត និងរន្ធត់ចិត្តឥតឧបមា ក្រោយពីទទួលដំណឹងក្រៀមក្រំជាទីបំផុតពីមរណភាព សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងចំណងមិត្តភាពពិសេសរវាងភាគីចិននិងព្រះរាជវង្សានុវង្សកម្ពុជា”។
លោកឯកអគ្គរដ្ឋទូតបានបន្ថែមថា៖ “ក្នុងនាមស្ថានទូតចិនប្រចាំកម្ពុជា និងខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុត និង សូមសម្ដែងនូវការសោកស្តាយ ប្រកបដោយសង្វេគចំពោះ មរណភាព សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ និងសម្តែងការសួរសុខទុក្ខចំពោះគ្រួសាររបស់សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ”។
នៅព្រឹកមិញនេះដែរ ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប បានអញ្ជើញអុជធូប និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព សម្តេចចៅហ្វាវាំង គង់ សំអុល កាលពីថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
សពសម្តេចចៅហ្វាវាំង គង់ សំអុល ត្រូវបានតម្កល់ដើម្បីប្រារព្ធពិធីបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋាននៃសពស្ថិតនៅផ្ទះលេខ ៨៣ ផ្លូវសុកហុក (១០៧) កែងនឹងវិថីហ្សូសិប្រូសទីតូ (២១៤) ស្ថិតនៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ៕
អត្ថបទ៖ អក្ខរា