ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ពៅ សុខ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ និងជាអ្នករៀបរៀងសៀវភៅស្តីពីជីវប្រវត្តិសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភាកម្ពុជា មិនមែនត្រឹមតែជាបិតាសន្តិភាពរបស់កម្ពុជាទេ ប៉ុន្តែជាបិតាស្ថាបនិកដ៏អស្ចារ្យតែម្នាក់គត់នៃកំណែទម្រង់នៅកម្ពុជា។
លោក ពៅ សុខ ឱ្យដឹងទៀតថា តាមរយៈការសិក្សាស្រាវជ្រាវរបស់លោកទៅលើជីវប្រវត្តិនៃការដឹកនាំរបស់សម្តេចតេជោ កន្លងមក ឃើញថា បន្ទាប់ពីក្លាយជានាយករដ្ឋមន្រ្តីដ៏វ័យក្មេងជាងគេលើលោក នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ មក សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមធ្វើកំណែទម្រង់ចំនួន២ធំៗនៅកម្ពុជា ទោះបីជាសម្តេចដឹងយ៉ាងច្បាស់ថា ការធ្វើកំណែទម្រង់របស់សម្តេច ប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតក៏ដោយ។
កំណែទម្រង់ដ៏គ្រោះថ្នាក់ទាំង២នោះ គឺកំណែទម្រង់នយោបាយ កំណែទម្រង់សេដ្ឋកិច្ច និងកសិកម្ម តាមរយៈការបែងចែកដីធ្លី និងការផ្លាស់ប្តូរពីការកសិកម្មតាបែបក្រុមសាមគ្គី មកជាការធ្វើជាលក្ខណៈគ្រួសារ និងប្រវាស់ដៃគ្នាវិញ។
តាមការមើលឃើញរបស់លោក ពៅ សុខ ក្នុងចំណោមកំណែទម្រង់ទាំងអស់ គឺកំណែទម្រង់នយោបាយ ពីសង្គមនិយម មកជាប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត ដែលរៀបចំដោយអ៊ុនតាក់ នៅឆ្នាំ១៩៩៣ គឺជាកំណែទម្រង់ដ៏គ្រោះថ្នាក់ជាងគេបំផុត ព្រោះកំណែទម្រង់នេះ ធ្វើឡើងតាមរយៈការចរចាសន្តិភាព ដែលជំរុញឱ្យមានការកែប្រែរដ្ឋធម្មនុញ្ញ ការដូរទង់ជាតិ ដូរភ្លេងជាតិ និងការដូរឈ្មោះប្រទេសពីសាធារណរដ្ឋប្រជាមានិតកម្ពុជា មកជា រដ្ឋកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៨៩។ ការដូរទង់ជាតិ ការដូរភ្លេងជាតិ ការដូរដ្ឋធម្មនុញ្ញ ជាពិសេសការដូរឈ្មោះប្រទេស មិនមែនជារឿងលេងសើច ឬធម្មតាពេកនោះទេ ដែលជាទូទៅគេផ្លាស់ប្តូរឈ្មោះប្រទេស ឬរដ្ឋធម្មនុញ្ញ ច្រើនតែធ្វើឡើងក្រោយមានរដ្ឋប្រហារ ឬការផ្លាស់ប្តូរប្រទេសតាមបែបហិង្សាណាមួយ ដូចជាលោក លន់ នល់ និង ប៉ុល ពត ដែលដូរឈ្មោះប្រទេសក្រោយពីធ្វើរដ្ឋប្រហារ និងការឈ្នះសង្រ្គាម ជាតឹកតាងស្រាប់។ ប៉ុន្តែសម្រាប់សម្តេចតេជោ ហ៊ុន សែន លោកប្រើត្រឹមតែទេពកោសល្យ ឬហៅថា សិល្បៈនៃនយោបាយការទូតដ៏ប៉ិនប្រសប់ និងការបញ្ចុះបញ្ចូលសមាជិករដ្ឋាភិបាល និងសមាជិកសភា ក៏អាចប្តូរឈ្មោះប្រទេសបាន ទោះបីដំណាក់កាលខ្លះមានការលំបាក និងតឹងតែងក៏ដោយ។
លោក ពៅ សុខ អះអាងថា ដំណាក់កាលនោះ ប្រសិនបើគ្មាន ឬមិនមែនសម្តេចតេជោ ហ៊ុន សែន ជាបិតាស្ថាបនិក ជាអ្នកសម្រេចចិត្ត ជាអ្នកត្រួសត្រាយ ដែលប្រថុយគ្រោះថ្នាក់ យកជីវិតទៅប្តូយកសន្តិភាពមកទេ មិនដឹងថា ពេលនោះ ឬពេលនេះកម្ពុជា មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឬមានការបោះឆ្នោតនៅឆ្នាំ១៩៩៣ និងបច្ចុប្បន្ន រហូតដល់ការបញ្ចប់សង្រ្គាម ឯកភាពទឹកដីទាំស្រុង ឬក៏អត់ទេ។
លោក ពៅ សុខ បានអធិប្បាយថា បញ្ហាប្រឈម និងការប្រថុយគ្រោះថ្នាក់ដ៏ធំមួយទៀរបស់សម្តេចតេជោ គឺការធ្វើឱ្យកងទ័ព និងអ្នកជំនាញវៀតណាមជាង១០ម៉ឺននាក់ យល់ព្រមដក ឬចាកចេញពីកម្ពុជាទៅវិញ ដោយសន្តិវិធី ដោយគ្មានការថ្នាំងថ្នាក់ គ្មានការប្រទូសរ៉ាយណាមួយកើតឡើងឡើយ។ ប្រការដ៏គ្រោះថ្នាក់មួយផ្សេងទៀតសម្រាប់សម្តេច ហ៊ុន សែន ក្នុងដំណាក់កាលកំណែទម្រង់នយោបាយ គឺការយល់ព្រមទទួលយកវត្តមានអ៊ុនតាក់ និងការយល់ព្រមឱ្យក្រុមត្រីភាគីចូលក្នុងប្រទេស ដើម្បីចូលរួមបោះឆ្នោតក្នុងការប្រកួតប្រជែងដណ្តើមអំណាចផងដែរ។ ដំណាក់កាលនេះ សមាជិករដ្ឋាភិបាល មិនទាន់បានរៀបចំខ្លួន ឬបើកចិត្តឱ្យទូលាយ ក្នុងការទទួលយកអ្វីដែលមកពីខាងក្រៅនៅឡើយទេ ប៉ុន្តែ សម្តេចតេជោ បានបើកចិត្តទទួលយកមុនគេ ដោយមិនចាំបាច់មានការណែនាំ ឬបញ្ចុះបញ្ចូលពីបរទេស ជាពិសេសបញ្ហាលទ្ធិប្រជាធិបតេយ្យ និងកំណែទម្រង់សេដ្ឋកិច្ច ធ្វើឱ្យមានទីផ្សារសេរីនៅកម្ពុជា។
លោក ពៅ សុខ លើកឡើងថា ប្រការទាំងនេះ ប្រសិនបើគ្មានដំណោះស្រាយ ឬយុទ្ធសាស្រ្តនយោបាយការទូតដ៏ប្រសិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន ទេ នោះអ្វីៗនឹងមិនអាចប្រព្រឹត្តទៅដោយរលូនបានឡើយ ហើយសម្តេច ប្រាកដណាស់នឹងប្រឈមគ្រោះថ្នាក់គ្រប់ពេល ដូចសម្តេច បានផ្តល់បទសម្ភាសន៍ឱ្យអ្នកកាសែតបាងកកប៉ុស្តិ៍ អំឡុងឆ្នាំ១៩៨៩ ថា សម្តេចបានដឹងអំពីគ្រោះថ្នាក់ទាំងនេះ ប៉ុន្តែសម្តេចមិនប្រើប្រាស់អាវក្រោះ ដើម្បីការពារខ្លួនទេ គឺសម្តេចយកប្រជាជនជាអាវក្រោះ ព្រោះប្រជាជនកម្ពុជា អាចការពារសម្តេចពីគ្រោះថ្នាក់ទាំងឡាយនៅគ្រប់ទីកន្លែងបាន។ ការធ្វើបែបនេះ គឺជាការយកជីវិតធ្វើដើមទុន ដើម្បីជាតិ និងប្រជាជាន។
គួររម្លឹកថា ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់គ្រប់គ្រងហិរញាវត្ថុសាធារណៈដំណាក់កាលទី៤ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ បានថ្លែងថា ការធ្វើកំណែទម្រង់របស់សម្តេចទាំង២វិស័យ រួមមាន កំណែទម្រង់នយោបាយ គឺត្រូវដោះស្រាយជម្លោះកម្ពុជា តាមរយៈការចរចា និងកំណែទម្រង់ខាងសេដ្ឋកិច្ច ជីវិតសម្តេចផុយស្រួយណាស់។ហេតុនេះ បើគ្មានការយកជីវិតធ្វើជាដើមទុនទេ វាសនាប្រទេសជាតិ និងប្រជាជនមិនដឹងទៅជាយ៉ាងណាឡើយ ហើយការយកជីវិតធ្វើជាដើមទុននេះ ធ្វើឡើងតាំងពីឆ្នាំ១៩៧៧ ថ្ងៃទី២០ ខែមិថុនា។ សម្តេចតេជោ បញ្ជាក់ថា ដំណាក់កាលកំណែទម្រង់ មានកម្លាំងសង្កត់ធំៗ៣ ធ្វើឱ្យប៉ះពាល់ដល់ជីវិតនយោបាយ និងការធ្វើកំណែទម្រង់របស់សម្តេច រួមមានទី១. បញ្ហាផ្ទៃក្នុងមិនយល់ មិនចុះសម្រុងគ្នា ក្រោយពេលផ្តួលរំលំរបបខ្មែរក្រហម ទី២. របបទីផ្សារខុសគ្នារវាងវៀតណាម និងកម្ពុជា និង ទី៣. ការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកសេរីលើនយោបាយការទូត និងការហ៊ុមព័ទ្ធសេដ្ឋកិច្ច។
សម្តេចតេជោ បានប្រាប់ដល់បណ្តាអង្គទូតនានា ដែលអញ្ជើញមកចូលរួមថា បញ្ហាផ្ទៃក្នុងមិនយល់គ្នា គឺជាបញ្ហាលំបាកស្មុគស្មាញ និងគ្រោះថ្នាក់បំផុត៕