សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល មើលឃើញថា ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងចាត់តាំងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១យ៉ាងសកម្ម រស់រវើកប្រកបដោយផ្លែផ្កាជាវិជ្ជមានលើគ្រប់វិស័យឆ្លើយតបយ៉ាងស័ក្តិសមទៅនឹងទំនុកទុកចិត្តរបស់គណបក្សប្រជាជន និងប្រទេសជាតិ ។
ការលើកឡើងរបស់សម្តេច សាយ ឈុំ ក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី ១៣ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ដោយរួមមានវត្តមានចូលរួមពីសំណាក់ឯកឧត្តមប្រធាន អនុប្រធាន បណ្តាស្ថាប័នជ៉ំវិញគណៈកម្មាធិការកណ្តាល នៅវិមាន ៧ មករា។
សម្តេចបានកត់សម្គាល់ថា វគ្គអប់រំនយោបាយដែលកំពុងចាប់ផ្ដើមប្រព្រឹត្តទៅនេះ គឺស្ថិតក្នុងបរិយាកាសសប្បាយរីករាយ សាមគ្គីជិតស្និទ្ធ និងសុទិដ្ឋិនិយមខ្ពស់ ស្របពេលដែលគណបក្សប្រជាជនកម្ពុជាយើង បាន និងកំពុងកាន់អំណាចតាមរយៈជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ ។ នេះជាកត្តាអំណោយផលបំផុត ដែលអនុញ្ញាតឲ្យគណបក្សយើងផ្ទេរការដឹកនាំរាជរដ្ឋាភិបាលឲ្យអ្នកបន្តវេនវ័យក្មេង ដែលបានបណ្ដុះបណ្ដាលយ៉ាងម៉ត់ចត់ និងយ៉ាងត្រឹមត្រូវ ។
សម្តេចអនុប្រធានគណបក្ស បានគូសបញ្ជាក់ថា ការអប់រំបណ្តុះបណ្តាលមន្ត្រីដឹកនាំរបស់គណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក ជាពិសេសមន្រ្តីបន្តវេន គឺជាគោលការណ៍ចម្បងរបស់គណបក្សដែលតែងតែបានចាត់តាំងអនុវត្តនៅក្នុងគ្រប់ដំណាក់កាលនៃការតស៊ូរបស់គណបក្ស។ វគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៣ នាពេលនេះ សំដៅលើកកម្ពស់ការយល់ដឹងបន្ថែមទៀតជូនសិក្ខាកាមគ្រប់រូប អំពីទ្រឹស្ដីគោលការណ៍ គោលនយោបាយ បទពិសោធន៍ និងការប្រតិបត្ដិជាក់ស្ដែងស្របតាមសំណូមពរការងាររបស់គណបក្ស និងសភាពការណ៍របស់ប្រទេសជាតិ។
ទន្ទឹមនឹងនេះ វគ្គអប់រំនយោបាយនេះ ក៏ជាឱកាសដ៏មានតម្លៃរបស់មន្ត្រីដែលមកពីគណបក្សនៃបណ្ដាក្រសួង ស្ថាប័ន រាជធានី ខេត្តផ្សេងៗគ្នា បណ្តាអង្គការមហាជនរបស់គណបក្ស និងបណ្ដាស្ថាប័នគណបក្សជុំវិញថ្នាក់កណ្តាល បានស្គាល់គ្នា បានផ្លាស់ប្តូរការយល់ដឹង និងបទពិសោធន៍ការងារជាមួយគ្នាផងដែរ។ តាមរយៈនេះ ក៏នឹងធ្វើឲ្យចំណងមិត្តភាព សាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ៕