អ្នកនាំពាក្យយោធភូមិភាគទី៤ កងទ័ពជើងគោក បំភ្លឺករណីមន្ត្រីយោធិនមួយរូប ញុះញង់បង្កើតបញ្ហាវាយប្រហារទៅលើអង្គភាព

ឧត្តមសេនីយ៍ត្រី និត ណារ៉ុង អ្នកនាំពាក្យយោធភូមិភាគទី៤ កងទ័ពជើងគោក ធ្វើសេចក្តីបំភ្លឺករណី វាយប្រហារចោទប្រកាន់មេបញ្ជាការអង្គភាពគ្រប់គ្រងសព្វាវុធតាមបណ្តាញសង្គមថា យោងតាមការផ្សាយផ្ទាល់(Live) របស់បណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Gidi Jing ក្នុងគោលបំណងវាយប្រហារទៅលើមេបញ្ជាការអង្គភាពគ្រប់គ្រងឃ្លាំងសព្វាវុធ យោធភូមិភាគទី៤ និងមានខ្លឹមសារមួយចំនួនប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរកងទ័ព ជាពិសេសលាក់ការណ៍របស់អង្គភាព។

ស្របតាមសកម្មភាពខាងលើនេះ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង បានកំណត់មុខសញ្ញា និងបញ្ជាក់ជូនសាធារណៈជន​ថា ហ្វេសប៊ុកខាងលើជារបស់ អនុសេនីយ៍ត្រី រ័ត្ន ទីណា អត្តលេខ ២៣៤៤៨១ អង្គភាពគ្រប់គ្រងឃ្លាំងសព្វាវុធ យោធភូមិភាគទី៤។

ដើម្បីចៀសវាងមហាជនមានការភាន់ច្រឡំដោយប្រការណាមួយ លោកឧត្តមសេនីយ៍ត្រី បានចេញសេចក្តីបំភ្លឺរបស់ថ្នាក់ដឹកនាំអង្គភាពផ្ទាល់ និងបណ្តាយោធិនដែលកំពុងបំពេញភារកិច្ចនៅក្នុងអង្គភាពគ្រប់គ្រងសព្វាវុធ យោធភូមិភាគទី៤ ឱ្យដឹងថា លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា ជាទូទៅតែងតែដើរហើរសេរី មិនគោរពបទបញ្ជាមេបញ្ជាការគ្រប់ជាន់ថ្នាក់ និងជាពិសេសមិនគោរពវិន័យកងទ័ព នៃកងយោធពលខេមរភូមិន្ទ ជាក់ស្ដែងកំឡុងពេលអនុវត្តបទបញ្ជាថ្នាក់លើឱ្យប្រមូលផ្ដុំកម្លាំងត្រៀមលើចំណុចខ្ពស់ ដែលបានអនុវត្តចាប់ពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែសីហាឆ្នាំ២០២៤ ហើយកំពុងបន្តរង់ចាំបទបញ្ជាថ្នាក់លើ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់មានបទបញ្ជាថ្មី ដូចនេះលោកអនុសេនីយ៍ត្រី រ័ត្ន ទីណា គាត់បានមានមុខប្រចាំការនៅបន្ទាយ ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ប៉ុន្តែគាត់ (រ័ត្ន ទីណា) បាត់មុខ១ថ្ងៃ ១យប់ ដោយមិនបានសុំច្បាប់មេបញ្ជាការរបស់ខ្លួន។

នៅមុនថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ (មុនថ្ងៃត្រួតពល) ប្រកាសអាសន្ន លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា មកប្រចាំការនៅអង្គភាពក្នុង ១អាទិត្យមានមុខតែ ១ថ្ងៃប៉ុណ្ណោះ ហើយលោកវរសេនីយ៍ទោ ប្រាក់ សារ៉ាវ៉ាន់ មេបញ្ជាការ នៃអង្គភាពគ្រប់គ្រងឃ្លាំងសព្វាវុធ បានប្រជុំជួរទ័ពណែនាំកុំឱ្យយោធិនបាត់មុខពីអង្គភាពកំឡុងពេលត្រៀមកម្លាំង ១០០% លើចំណុចខ្ពស់ហើយមិនអនុញ្ញាតឱ្យដើរហើរសេរីគ្មានច្បាប់ទំលាប់ខុសពីលក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ ស្រាប់តែលោកអនុសេនីយ៍ត្រី រ័ត្ន ទីណា មានការមិនសប្បាយចិត្ត ហើយបាត់មុខពីអង្គភាពនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤។

រហូតដល់បច្ចុប្បន្ន ដោយមិនសុំការអនុញ្ញាតច្បាប់ពីមេបញ្ជាការគ្រប់ជាន់ថ្នាក់ ហើយលើសពីនេះទៀត នៅយប់ថ្ងៃទី០១ និងព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា បានបាត់មុខពីអង្គភាពគ្រប់គ្រងឃ្លាំងសព្វាវុធ យោធភូមិភាគទី៤ និងបានឡាយ (Live) វីដេអូវាយប្រហារមកលើលោកមេបញ្ជាការ នៃអង្គភាពគ្រប់គ្រងឃ្លាំងសព្វាវុធ និងបានចោទប្រកាន់បំភ្លើសខុសពីការពិត និងបានញុះញង់បង្កើតបញ្ហា ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកងយោធពលខេមរភូមិន្ទ ជាពិសេសញុះញង់បំបាក់ស្មារតីសាមគ្គីភាពរបស់កងទ័ពនៅក្នុងអង្គភាព ហើយធ្វើជាគំរូអាក្រក់ដល់យោធិនគ្រប់រូប៕