សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តអំពាវនាវដល់ជនរួមជាតិ បន្តចូលរួមឱ្យបានកាន់តែច្រើនមូលមីបន្ថែមទៀតនៅក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ខណៈក្រុមការងារមូលនិធិបាន និងកំពុងខិតខំរៀបចំលិខិតថ្លែងអំណរគុណជូនដល់បងប្អូនប្រជាពលរដ្ឋជាសប្បុរសជនជាបន្តបន្ទាប់យ៉ាងសស្រាក់សស្រាំ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញមោទនភាពក្រៃលែង ដែលមូលនិធិមួយនេះបានទទួលការគាំទ្រយ៉ាងផុលផុសពីសំណាក់អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជនថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត អាជីវករ កសិករ និងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ជាពិសេស លោកយាយ លោកតា អ៊ំ ពូ មីង និងបងប្អូនជាច្រើននៅតាមមូលដ្ឋានភូមិស្រុក តាមរយៈការសស្រាក់សស្រាំចូលរួមបរិច្ចាគថវិកា មានតិច មានច្រើនទៅតាមលទ្ធភាព និងប្រកបដោយស្នាមញញឹមសប្បាយរីករាយក្នុងធ្លុងមហាសាមគ្គីជាតិ និងស្មារតីខ្មែរតែមួយ ។
ក្នុងនាមរាជរដ្ឋាភិបាល សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅប្រគេនថ្វាយជូនចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកយាយ លោកតា អ៊ំ ពូ មីង និងបងប្អូនជនរួមជាតិទាំងអស់ ចំពោះការចូលរួមចំណែកដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ។ ហើយនេះគឺជាវិភាគទានដ៏មានតម្លៃបំផុត និងមិនអាចកាត់ថ្លៃបានឡើយ ហើយក៏ជាការឆ្លុះបញ្ចាំងអំពីទឹកចិត្តមនសិការស្នេហាជាតិមាតុភូមិរបស់ជនរួមជាតិខ្មែរយើង ដែលតែងតែត្រៀមខ្លួនជានិច្ចក្នុងការបូជាលះបង់គ្រប់បែបយ៉ាងនៅក្នុងមហាចលនាជាតិដើម្បីបុព្វហេតុកសាង ការពារ និងអភិវឌ្ឍមាតុភូមិកម្ពុជា ដោយឈរលើមូលដ្ឋាន និងស្មារតីនៃខឿនការពារជាតិរបស់ប្រជាជននៅគ្រប់កាលៈទេសៈ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ សីហា ២០២៤ កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន» ក្នុងគោលកៀរគរថវិកាបន្ថែម និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋទូទាំងប្រទេសបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅតាមបណ្តោយព្រំដែន ដោយផ្តោតការយកចិត្តទុកដាក់ពិសេសលើផ្លូវ ក្រវាត់ព្រំដែន។ចាប់ពីថ្ងៃទី២៦ សីហា ២០២៤ ក្រុមការងារមូលនិធិបានចាប់ផ្តើមទទួលការបរិច្ចាគថវិកាដោយស្ម័គ្រចិត្តពីជនរួមជាតិខ្មែរគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ៕