ក្រោយពីបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ២០២១ កន្លង មកទល់ពេលនេះ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ឬហៅថា ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មា កំពុងដើរតួនាទីសំខាន់ ផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍របស់ពលរដ្ឋ និងបម្រើវិស័យដឹកជញ្ជូននានា។ ស្ពាននេះមានប្រវែងសរុបចំនួន ១១៣១ម៉ែត្រ និងមានទទឹងទំហំ ១៣,៥០ម៉ែត្រ ដោយតភ្ជាប់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
ជាមួយតួនាទីដ៏សំខាន់នេះ នាយករដ្ឋមន្ត្រី បានចាត់ទុកថា ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ជាស្ពានយុទ្ធសាស្ត្រមួយដែលបានតភ្ជាប់ការដឹកជញ្ជូន និងចរាចរណ៍ពីប៉ែកឦសាននៃព្រះរាជាណាចក្រកម្ពុជា។ ស្ពានមួយនេះ បានក្លាយមធ្យោបាយដ៏សំខាន់ក្នុងការតភ្ជាប់ទៅប៉ែកឦសាននៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្ខិតចូលគ្នារវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដោយតភ្ជាប់ផ្លូវជាតិលេខ៧១C ដែលជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ក្នុងវិស័យដឹកជញ្ជូន ពិសេស ទំនិញកសិឧស្សាហកម្ម ទៅកាន់ទីផ្សារ ។
បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ ក៏បានផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍របស់ពលរដ្ឋក្នុងតំបន់ ក៏ដូចជាការធ្វើដំណើររបស់អ្នកទេសចរបានកាន់តែល្អប្រសើរ ដោយកាត់បន្ថយនូវរយៈពេលធ្វើដំណើរ និងឆាប់ទៅដល់គោលដៅទេសចរណ៍។
គួរបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ បានបើកការដ្ឋានសាងសង់នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ និងបានដាក់សម្ពោធដាក់ឲ្យប្រើបា្រស់ជាផ្លូវការកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ។ ស្ពាន និងផ្លូវតភ្ជាប់ ត្រូវបានចំណាយពេលសាងសង់ ៤២ខែ និងចំណាយថវិកាជិត ៥៧លានដុល្លារអាមេរិក៕
អត្ថបទ៖ ពុទ្ធិកា