ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យមើលការបំពេញការងាររបស់មន្ត្រី ពិសេសការដាក់ឱ្យដំណើរការប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា (Cambodia e-Arrival) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ប្រព័ន្ធអេឡិចត្រូនិក Cambodia e-Arrival បង្កភាពងាយដល់អ្នកដំណើរគ្រប់ជាតិសាសន៍ និងនៅគ្រប់ទីកន្លែង អាចចូលទៅបំពេញព័ត៌មានជាមុន នៅក្នុងប្រអប់សលាកបត្រអន្តោប្រវេសន៍ (រួមទាំងពាក្យស្នើសុំទិដ្ឋាការពេលមកដល់) ទម្រង់លិខិតរាយការណ៍គយ និងទម្រង់លិខិតប្រកាសសុខភាពនៅក្នុងប្រព័ន្ធ Cambodia e-Arrival។ ក្នុងនោះ លោកអ្នក មិនចាំបាច់ចំណាយពេលវេលាបំពេញឯកសារដោយដៃ នៅពេលមកដល់ច្រកទ្វារអន្តរជាតិកម្ពុជា (ផ្លូវអាកាស) ទៀតឡើយ។
គួរជម្រាបថា ក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាល ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលប្រទេសកម្ពុជាCambodia e-Arrival បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤។
ប្រព័ន្ធCambodia e-Arrival គឺជាប្រព័ន្ធមួយជួយកាត់បន្ថយពេលវេលាបំពេញបែបបទចេញ និងចូលរបស់អ្នកដំណើរ តាមរយៈការសម្រួលឱ្យពួកគេអាចឆ្លងកាត់ការបំពេញបែបបទអន្តោប្រវេសន្ត៍បានយ៉ាងឆាប់រហ័ស និងមានភាពងាយស្រួល។ មួយវិញទៀត ប្រព័ន្ធនេះ នឹងជួយសម្រួលដល់ភ្ញៀវទេសចរបរទេសអាចស្នើសុំទិដ្ឋាការពេលមកដល់កម្ពុជាបានឆាប់រហ័សជាងមុនផងដែរ៕