រដ្ឋមន្ត្រីនិយាយតិច ធ្វើច្រើន ឯកឧត្តម សុខ សូកេន ជិះរ៉ឺម៉កកង់បីពិនិត្យមើលស្ថានភាពទេសចរណ៍ក្នុងខេត្តសៀមរាប

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមដំណើរដោយថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងក្រុមការងារប្រតិបត្តិរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាជាច្រេីនរូប កាលពីចុងសប្តាហ៍កន្លងទៅនេះ បានអញ្ជេីញធ្វើដំណើរដោយរ៉ឺម៉កកង់បី ដេីម្បីបន្តពិនិត្យវឌ្ឍនភាពនិងស្វែងយល់ឱ្យបានកាន់តែច្បាស់ពីស្ថានភាពជាក់ស្ដែងបច្ចុប្បន្ននៃវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ដោយបានអញ្ជើញទៅពិនិត្យមើលទីតាំងសំខាន់ៗមួយចំនួន រួមមាន៖ ទីតាំងលក់សំបុត្រគ្រឹះស្ថានអង្គរ ភូមិព្រះដាក់ និងគោលដៅទេសចរណ៍មួយចំនួនទៀតផងដែរ។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនិងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ជាច្រើនរូបប្រកបដោយភាពស្និទ្ធស្នាល ដើម្បីស្ដាប់នូវមតិយោបល់បន្ថែមពាក់ព័ន្ធនឹងវិស័យទេសចរណ៍ផងដែរ។

កន្លងទៅ សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាល បានថ្លែងកោតសរសើរដល់ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសទេសចរណ៍ ដែលចូលមកកាន់ដំណែងជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានធ្វើការងារយ៉ាងសកម្ម និងបានចុះទៅធ្វើការងារដោយផ្ទាល់នៅតាមមូលដ្ឋានទេសចរណ៍ផ្សេងៗ ជួយដល់វិស័យទេសចរណ៍ ក៏ដូចជាប្រតិបត្តិករទេសចរណ៍។

សម្តេចធិបតីបានរំលឹកប្រសាសន៍សម្តេចតេជោ​ហ៊ុន សែន ថាកុំធ្វើមន្ត្រីជើង១០ ត្រូវធ្វើមន្ត្រីជើង២ ហើយនេះសរបញ្ជាក់ថា ក្រសួងទេសចរណ៍ គឺដឹកនាំដោយរដ្ឋមន្ត្រីជើង២ ចុះគ្រប់កន្លែង ដែលសកម្មភាពនេះត្រូវតែបន្ត៕

អត្ថបទ៖ អក្ខរា