លោក សាម អ៉ីន បានប្រកាសសម្រេចលាលែងដំណែងប្រធានគណៈកម្មាធិការនាយកស្ដីទី គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ជាផ្លូវការនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ប៉ុន្តែការលាលែងនេះលោក ប្រកាសឲ្យដឹងលើទំព័រហ្វេសប៊ុកនារសៀលថ្ងៃអាទិត្យនេះ។
ការសម្រេចចិត្តដើរចេញនៅពេលនេះ លោកមិនទាន់បង្ហាញឲ្យដឹងនៅឡើយ ថានឹងចុះចូលជាមួយគណបក្សណានោះទេ។ កន្លងទៅសមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានចំនួន ២រូប បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺលោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងអ្នកនាំពាក្យគណបក្សនេះ លោក ឡឹក សុធារ ក្នុងបំណងដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម។
ដំណឹងនៃការដើរចេញគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន បានប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រសួង ដែលលោកសម្លឹងមើល និងចង់ចូលទៅបម្រើការងារ គឺក្រសួងបរិស្ថាន។ លោកថា លោកចង់ប្រើប្រាស់ចំណេះជំនាញជួយរដ្ឋាភិបាលលើផ្នែកព្រៃឈើនិងបរិស្ថាន ដ្បិតលោកទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកគោលនយោបាយព្រៃឈើពីប្រទេសអាល្លឺម៉ង់ ហើយលោកក៏ធ្លាប់មានបទពិសោធក្នុងការចូលរួមការពារព្រៃឈើជាមួយប្រជាពលរដ្ឋតាមសហគមន៍នានាផងដែរ។
លោក សាម អ៊ីន បានបញ្ជាក់ដូច្នេះថា៖ «មកដល់ពេលនេះ ខ្ញុំគ្រាន់តែជម្រាបព័ត៌មានជូនលោកបណ្ឌិត យ៉ង សាំងកុមារ ហើយលោកអាចមានឱកាសជម្រាបព័ត៌មានបន្តជូនសម្តេចនាយករដ្ឋមន្រ្តី ឬយ៉ាងណា ខ្ញុំអត់ទាន់ដឹងព័ត៌មានច្បាស់លាស់ទេ។ ខ្ញុំគ្រាន់តែបញ្ជូនផែនការដែលខ្ញុំចង់ធ្វើអ្វីខ្លះទៅលោកបណ្ឌិត យ៉ង សាំងកុមារ»៕