មេដឹកនាំវៀតណាម គ្រោងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីរក្សានូវតុល្យភាពដ៏ទន់ភ្លន់រវាងមហាអំណាចធំៗ

ប្រធានាធិបតីវៀតណាម លោក To Lam ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉កនៅខែក្រោយ ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ដែលនឹងគ្រោងជួបជាមួយប្រធានាធិបតីលោក Joe Biden និងអនុប្រធានាធិបតី លោកស្រី Kamala Harris ផងដែរ។ កាលពីថ្ងៃទី១៨ ខែសីហា លោក To Lam បានទៅដល់ប្រទេសចិនសម្រាប់ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅបរទេសចាប់តាំងពីបានក្លាយជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម (CPV) កាលពីដើមខែសីហា។

អ្នកវិភាគនៅក្នុងស្រុកវៀតណាមមួយចំនួន បានចាត់ទុកដំណើរទស្សនកិច្ចនេះបង្ហាញពីសក្តានុពលនៃការផ្លាស់ប្តូរឥរិយាបថដែលគាំទ្រចិននៅក្នុងទីក្រុងហាណូយ។ លោក Lam បាន​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ឡាវ ដែលជា​ដៃគូ​ប្រពៃណី​របស់​វៀតណាម​រួច​ហើយ បន្ទាប់ពី​លោក​បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ក្នុង​ខែ​ឧសភា ដូច្នេះ​ប្រទេស​ចិន​គឺជា​ប្រទេស​សមហេតុផល​បន្ទាប់​ដែលត្រូវ​ធ្វើ​ទស្សនកិច្ច។

បន្ទាប់មក លោក Lam ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅទីក្រុងញូវយ៉កនៅខែក្រោយ សម្រាប់កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនាពេលខាងមុខ ដែលចាប់ផ្តើមនៅថ្ងៃទី១០ ខែកញ្ញា ឬសម្រាប់កិច្ចប្រជុំកំពូលនៃអនាគតរបស់អង្គការសហប្រជាជាតិ ដែលចាប់ផ្តើមនៅថ្ងៃទី២២ ខែកញ្ញា។

វៀតណាមអាចបញ្ជូនគណៈប្រតិភូចំនួនពីរ៖ មួយសម្រាប់មហាសន្និបាតដឹកនាំដោយលោក Lam និងមួយទៀតសម្រាប់កិច្ចប្រជុំ​កំពូល​ពិសេស​រវាង​សហរដ្ឋ​អាមេរិក ​និង​សមាគម​អាស៊ាន ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh ។ នៅ​ទីក្រុង​ញូវយ៉ក លោក Lam និង​មេដឹកនាំ​វៀតណាម​ដែល​អមដំណើរ​ដូចជា លោក Minh Chinh ទំនង​ជា​ជួប​ជាមួយ​មន្ត្រី​អាមេរិក​នៅ​ក្រៅ​ព្រឹត្តិការណ៍​របស់​អង្គការ​សហប្រជាជាតិ។

កាសែត The Diplomat បានចុះផ្សាយ វៀតណាមចង់ធ្វើឱ្យការធ្វើដំណើររបស់លោក Lam ជាដំណើរទស្សនកិច្ចផ្លូវរដ្ឋ ដែលអាចរួមបញ្ចូលជំនួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងក្រុមមន្រ្តីរបស់លោក ពិសេស លោកស្រី Kamala Harris ដែលជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ។

នៅពេលដែលវៀតណាមកំពុងស្វែងរកជំនួបក្នុងដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ To Lam ទៅកាន់សហរដ្ឋអាមេរិក ទោះបីជារយៈពេលខ្លី ឬជានិមិត្តរូប នឹងក្លាយជាជំហានដ៏សំខាន់មួយក្នុងការរក្សាបាននូវតុល្យភាពដ៏ទន់ភ្លន់របស់ទីក្រុងហាណូយរវាងមហាអំណាចធំៗ៕

អត្ថបទ៖ ជីវ័ន