សហភាពអឺរ៉ុប ត្រៀមផ្តល់ជំនួយឥត​សំណង ៣,៥លានអឺរ៉ូ ដើម្បីបង្កើត​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​អ្នកជំនាញទឹកស្អាតនៅកម្ពុជា

សហភាពអឺរ៉ុប បានត្រៀមផ្តល់ជំនួយឥតសំណងចំនួន ៣,៥ លានអឺរ៉ូ ដើម្បីបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកជំនាញទឹកស្អាត ដោយស្នើឱ្យមានសហហិរញ្ញប្បទានពីភាគីកម្ពុជា។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា នៅក្នុងកិច្ចប្រជុំជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាឱ្យទៅបន្តការសិក្សាផ្នែកវិស្វកម្មទឹកស្អាត ដើម្បីគាំទ្របន្ថែមដល់វិស័យនេះផងដែរ។

នៅក្នុងកិច្ចពិភាក្សា ក៏បានផ្តោតលើសារៈសំខាន់នៃការរៀបចំផែនការមេវិស័យទឹកស្អាត និងក្របខណ្ឌគតិយុត្តិបន្ថែម ដើម្បីគ្រប់គ្រង់វិស័យនេះឱ្យកាន់តែមានប្រសិទ្ធិភាព រួមទាំងការបង្កើតយន្តការស្ថាប័ន​ដើម្បីអភិវឌ្ឍវិស័យទឹកស្អាតឱ្យបានកាន់តែប្រសើរថែមទៀត ។

ក្រៅពីវិស័យទឹកស្អាត សហភាពអឺរ៉ុប បានបង្ហាញចំណាប់អារម្មណ៍សហការជាមួយក្រសួង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពថាមពលសម្រាប់រោងចក្របៃតង ដោយសហការជាមួយក្រសួងរ៉ែ និងថាមពល ដើម្បីជំរុញ​ការអនុវត្តគោលការណ៍ឧស្សាហកម្មប្រកបដោយនិរន្តរភាពនៅកម្ពុជា។ គណៈប្រតិភូបានជម្រាបជូនពីបំណងសហការលើការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីពង្រឹសមត្ថភាពឱ្យសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក​អាចបំពេញតាមលក្ខខណ្ឌទីផ្សារនាំចេញ ដោយស្នើសហការជាមួយសហគ្រិនខ្មែរ។

ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមទាំងនេះ និងបានស្នើឱ្យសហភាពអឺរ៉ុបផ្តល់ជំនួយបច្ចេកទេសលើការស្រាវជ្រាវទីផ្សារ ដើម្បីក្រសួង និងដៃគូ រួមទាំងសហគ្រិនខ្មែរ អាចពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងផ្តល់ជំនួយចំគោលដៅដល់សហគ្រាសធុនតូច និងមធ្យម ឱ្យចូលទៅកាន់ទីផ្សារអន្តរជាតិដែលមានតម្លៃបន្ថែមខ្ពស់។

គួរបញ្ជាក់ថា​ កាលពីក្នុងដំណើរទស្សនកិច្ចរបស់ស្នងការអឺរ៉ុប Urpilainen មកកម្ពុជាកាលពីខែមីនា ឆ្នាំ២០២៤ សហភាពអឺរ៉ុបបានសន្យាផ្តល់ជំនួយឥតសំណងចំនួន១២លានអឺរ៉ូ ក្រោមក្របខ័ណ្ឌគម្រោង​សាងសង់​រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ជំហានទី៣ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់សហភាពអឺរ៉ុប ក្នុងការរួមចំណែកកែលម្អហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតរបស់កម្ពុជា និងការពង្រីកសេវាទឹកស្អាត៕

អត្ថបទ៖ ពុទ្ធិកា