ព្រឹត្តិការណ៍ GUMBALL 3000 Rally នឹងប្រារព្ធនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤ដោយមាន រថយន្តទំនើបៗរួមមាន Supercar Hypercar Sportcar ប្រមាណ ១៣០ ទៅ ១៥០ គ្រឿង មកពីបណ្ដាប្រទេសជាង ៤០ ចម្រុះដោយ ៤០ជាតិសាសន៍ផ្សេងៗគ្នាចូលរួម ។ ក្រសួងទេសចរណ៍ បានជូនដំណឹងដល់សមាគមទេសចរណ៍ ប្រតិបត្តិករ ទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន ចូលរួមទស្សនាដោយសេរី និងចូលរួមបរិច្ចាគថវិកាជូនមន្ទីរពេទ្យកុមារអង្គរ។
ឯកឧត្ដម គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងក្នុងកិច្ចប្រជុំរួមគ្នារវាងសាលារាជធានីភ្នំពេញ ក្រសួងទេសចរណ៍ និងក្រុមហ៊ុនជីបម៉ុងគ្រុបកាលពីថ្ងៃទី ២៧ ខែសីហាថា ព្រឹត្តិការណ៍ដ៏ធំ និងមានភាពល្បីល្បាញប្រជុំដោយបុគ្គលមានឥទ្ធិពលជាច្រើន មានអ្នកតាមដានរាប់លាននាក់ លើប្រព័ន្ធផ្សព្វផ្សាយនេះ នឹងមកបង្កើតទំព័រប្រវត្តិសាស្ត្រជាច្រើនក្នុងប្រទេសកម្ពុជា ដែលជាឱកាសដ៏វិសេសវិសាលមួយក្នុងការផ្សព្វផ្សាយ ពីប្រទេសកម្ពុជាទៅកាន់ពិភពលោក។
ឧកញ៉ា លាង ពៅ (ភីធើរ)សមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនជីបម៉ុងគ្រុប បានបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ GUMBALL 3000 Rally នេះ ក្រសួងទេសចរណ៍ រួមសហការជាមួយក្រុមហ៊ុនជីបម៉ុង បានជ្រើសរើសយកទីតាំងសំខាន់ៗ តំណាងឱ្យអត្តសញ្ញាណប្រទេសកម្ពុជា ដើម្បីបង្កើតបានជារូបភាពជាប្រវត្តិសាស្ត្រ មិនធ្លាប់មាន ឱ្យពិភពលោកបានឃើញ តាមរយៈរូបភាពដែលនឹងផ្សព្វផ្សាយ ដោយបុគ្គលមានឥទ្ធិពល បុគ្គលល្បីៗ មកពីជុំវិញពិភពលោកតាមរយៈក្បួនរថយន្ត GUMBALL 3000 នេះ។
ឯកឧត្ដម គុជ បញ្ញាសា និងឧកញ៉ា លាង ពៅ បានបញ្ជាក់ដូចគ្នាថា នៅថ្ងៃទី១៥ ខែកញ្ញាខាងមុខ នៅរាជាធានីភ្នំពេញក្បួនរថយន្តរបស់សមាជិក GUMBALL 3000 ប្រមាណ ១៣០ ទៅ ១៥០គ្រឿង រួមជាមួយរថយន្តទំនើបៗរបស់អ្នកចូលក្នុងប្រទេសកម្ពុជាប្រមាណជាង ៣០០គ្រឿងទៀត នឹងធ្វើការចតនៅបរិវេណវិមានឯករាជ្យ រហូតដល់ជិតរង្វង់មូលសម្ដេចព្រះសង្ឃរាជ ជួន ណាត រយៈពេលជាង ១ម៉ោង ចាប់ពីម៉ោង ២រសៀល ដើម្បីឱ្យមហាជនបានទស្សនា ក៏ដូចជាផ្ដិតយករូបភាពដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ។
អ្វីដែលកាន់តែអស្ចារ្យលើសនេះទៀតនោះ ក្បួនរថយន្ត GUMBALL 3000 នឹងធ្វើការចត នៅមុខប្រាសាទអង្គរ នៅថ្ងៃទី១៧ ខែកញ្ញា ដើម្បីបំបែកឯកគ្គទកម្មពិភពលោក ដែលនេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រហើយ ដែលរថយន្តទំនើបៗរាប់រយគ្រឿង បានចតនៅមុខប្រាសាទអង្គរ។ តាមរយៈរូបភាពដ៏អស្ចារ្យនេះនឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅកាន់ពិភពលោក ហើយនេះជាផលចំណេញដ៏ធំសម្រាប់ប្រទេសកម្ពុជា ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍៕