លើបណ្តាញទំនាក់ទំនងសង្គម នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើកឡើងថា ទោះមានឬក្រត្រូវខិតខំឲ្យកូនចៅរៀនសូត្រមានចំណេះដឹង មានសីលធម៌ គុណធម៌ សុភាពរាបសារ ចេះជួយអ្នកក្រីក្រ អ្នកទន់ខ្សោយ ពោលគឺឲ្យពួកគេកសាងអំពើល្អជាប់ជានិច្ច។ បទពិសោធន៍ត្រូវយកចិត្តទុកដាក់បំផុតគឺ កូនអ្នកមានអំណាច អ្នកមានទ្រព្យសម្បត្តិដែលអាងលើអំណាចឪពុកម្តាយឬប្រាក់កាសឪពុកម្តាយ ធ្វើអំពើមិនគប្បីក្នុងសង្គម។
ភ្ជាប់ជាមួយរូបភាពបុត្រាបុត្រីទាំង៥រូបរបស់សម្តេចជាច្រើនសន្លឹក សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ថា “គ្រាប់ពេជ្រ៥គ្រាប់ដែលពុកម៉ែកែឆ្នៃដោយផ្ទាល់ដៃ។ ដុំថ្មនឹងមានតម្លៃបន្ថែម ប្រសិនយើងចេះកែឆ្នៃវានិងប្រើប្រាស់វាឲ្យមានប្រយោជន៍។ មាសឬពេជ្រ នឹងគ្មានតម្លៃឬតម្លៃតិច ប្រសិនយើងមិនចេះកែឆ្នៃឬយកវាទៅទុកចោល។”
អត្ថបទ៖ ពុទ្ធិកា