ប្រសិនគ្មានការប្រែប្រួលនោះទេ នាឡិកាខ្នាតធំកម្ពស់ ៣៥ម៉ែត្រ និងអង្កត់ផ្ចិតជិត១០ ម៉ែត្រ ដែលជាសមិទ្ធផលថ្មីមួយទៀយរបស់ខេត្តកំពត នឹងដំឡើងរួចរាល់ក្នុងថ្ងៃទី២៩ សីហា ២០២៤នេះ។
តាមមន្ត្រីជំនាញ បានឱ្យដឹងថា សមិទ្ធផលថ្មីនេះនឹងធ្វើឱ្យខេត្តកំពតកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរអោយមកលេងកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើន ដោយសារសំណង់នាឡិកានេះ គឺជាសមិទ្ធផលទេសចរណ៍ឯក (Unique) ថ្មីមួយបន្ថែមទៀតរបស់ខេត្ត ក៏ដូចជាកម្ពុជាទាំងមូល បន្ទាប់ពីរូបសំណាក់ត្រីសេះសមុទ្របាញ់ទឹក ដែលបាននិងកំពុងមានភាពល្បីល្បាញ។
គួរបញ្ជាក់ថា នាឡិកាធំនិងខ្ពស់ជាងរបស់កម្ពុជា ត្រូវបានរៀបចំពិធីក្រុងពាលីដំឡើង កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រោមធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្តផងដែរ។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត គ្រោងស្ថាបនាស្ពានឆ្លងព្រែកកំពង់បាយមួយបន្ថែមទៀត ដោយយកតាមរចនាបទខ្មែរ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ផង និងដើម្បីលម្អក្រុងកំពត ក៏ដូចជាទាក់ទាញទេសចរផង ខណៈដែលគម្រោងស្ថាបនាឆ្នេរសមុទ្រកម្សាន្តដ៏ល្អប្រណិតមួយផ្សេងទៀត បាននិងកំពុងសិក្សាជិតរួចរាល់ផងដែរ៕
អត្ថបទ៖ ពុទ្ធិកា