រាជរដ្ឋាភិបាល បានសម្រេចបង្កើតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ថ្នាក់ស្មើនាយកដ្ឋានចំណុះ អគ្គនាយកដ្ឋានប្រតិបត្តិការនិងសេវាកម្មនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ នេះបើយោងតាមអនុក្រឹត្យដែលចុះហត្ថលេខា ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។
បើតាមអនុក្រឹត្យ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវមានភារកិច្ច ដូចជា ជាតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងការសម្របសម្រួលកិច្ចប្រតិបត្តិការនិងអភិវឌ្ឍន៍ អាកាសយានដ្ឋានអន្តរជាតិ, សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ និងស្ថាប័ន ពាក់ព័ន្ធនានា ដើម្បីធានាសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងនិងជុំវិញអាកាសយានដ្ឋានអន្តរជាតិ ,និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ និងស្ថាប័ន ពាក់ព័ន្ធនានា ក្នុងការរៀបចំការពារនិងធ្វើបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ គណៈប្រតិភូជាតិនិងអន្តរជាតិ ដែលទៅបំពេញបេសកកម្មនៅក្រៅប្រទេសនិងមកបំពេញបេសកកម្មនៅកម្ពុជា។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក៏មានភារកិច្ច សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ និងស្ថាប័ន ពាក់ព័ន្ធនានា ក្នុងការដឹកនាំធ្វើលំហាត់សមយុទ្ធគ្រប់គ្រងគ្រោះអាសន្នឱ្យបានទៀងទាត់, ចូលរួមផ្តល់យោបល់លើការវាយតម្លៃបច្ចេកទេស ដែលទាក់ទងនឹងការគ្រប់គ្រងប្រតិបត្តិការនិងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិ ,រៀបចំកម្មវិធីនិងផែនការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីលើការងារគ្រប់គ្រងប្រតិបត្តិការ និងការអភិវឌ្ឍអាកាសយានដ្ឋាន, ទទួលខុសត្រូវចំពោះការធ្វើអធិការកិច្ចនិងសវនកម្មលើវិស័យអាកាសចរណ៍ស៊ីវិល, ធ្វើរបាយការណ៍ពីសកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ និងអនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គនាយកនៃអគ្គនាយកដ្ឋានប្រតិបត្តិការនិងសេវាកម្ម។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវដឹកនាំដោយនាយកមួយរូប មានឋានៈស្មើប្រធាននាយកដ្ឋាន និងមាននាយករងមួយចំនួនតាមការចាំបាច់ មានឋានៈស្មើអនុប្រធាននាយកដ្ឋានដោយអនុលោម តាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។ នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងការគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ។ ការរៀបចំនិងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវ កំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
អត្ថបទ៖ ពុទ្ធិកា