សម្តេចតេជោ ហ៊ុន សែន ភ្ញាក់ផ្អើល និងសប្បាយរីករាយយ៉ាងខ្លាំង ពេលឃើញទឹកចិត្តស្នេហាជាតិកំពុងកើតមាននៅច្រើនកន្លែងទូទាំងប្រទេស

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បង្ហាញភ្ញាក់ផ្អើល និងសប្បាយរីករាយយ៉ាងខ្លាំង ពេលឃើញទឹកចិត្តស្នេហាជាតិកំពុងកើតមាននៅច្រើនកន្លែងទូទាំងប្រទេស។ សម្តេចចាត់ទុកថា នេះជាចលនាជាតិដ៏មហិមាក្នុងការស្រឡាញ់ជាតិស្រឡាញ់ទឹកដីរបស់ប្រជាជនយើង ដែលជាខឿនការពារជាតិដ៏រឹងមាំរបស់ប្រជាជនដែលខ្លាំងជាងអ្វីៗទាំងអស់។

តាមរយៈបណ្តាញតេឡេក្រាមផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ “ល្ងាចនេះខ្ញុំមានការភ្ញាក់ផ្អើលនិងសប្បាយរីករាយយ៉ាងខ្លាំងដោយបាន ទទួលដំណឹងថា មូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើ ផ្លូវថ្នល់ត្រូវបានចូលរួមដោយប្រជាជននៅតាមមូលដ្ឋាន។ នេះជាចលនាជាតិដ៏មហិមាក្នុងការស្រឡាញ់ជាតិស្រឡាញ់ទឹកដីរបស់ប្រជាជនយើងដែលជាខឿនការពារជាតិ ដ៏រឹងមាំរបស់ប្រជាជនដែលខ្លាំងជាងអ្វីៗទាំងអស់។ ជាក់ស្តែងប្រជាជននៅភូមិត្រពាំងចក ភូមិគ្រាំងគរ ភូមិកែស ភូមិគល់គម ភូមិ អង្ករនាប ភូមិថ្មកែវ ភូមិត្រពាំងឬស្សី ឃុំត្រាំកក់ ស្រុកត្រាំកក់ខេត្តតាកែវបានចូលជាថវិកាខ្លះ៣០០រៀល ៥០០រៀល ១០០០រៀល ២០០០រៀល ៥០០០រៀល ១០០០០រៀល ២០០០០រៀល។ល។ “

សម្តេចតេជោ បានបន្តថា នៅទីនេះថវិកាសំខាន់ហើយតែអ្វីដែលសំខាន់ជាងទៀតគឺទឹកចិត្តស្នេហាជាតិរបស់ប្រជាជនយើងដែលម្ចាស់ប្រទេស។ សម្តេចតេជោក៏បានទទួលដំណឹងថាចលនាបែបនេះ កំពុងកើតមាន​នៅច្រើនកន្លែងទូទាំង ប្រទេស។ សម្តេចសង្ឃឹមថានាយករដ្ឋមន្រី្តហ៊ុន ម៉ាណែត នឹងជូនលិខិតថ្លែងអំណរគុណជូនគ្រប់បងប្អូនដែលបានបរិច្ចាគរាប់តាំងពី ១០០រៀលឡើងទៅដើម្បីបងប្អូន ដែលបានចូលរួមទាំងរក្សាទុក សម្រាប់តកូនតចៅអំពីស្មារតីស្នេហាជាតិរបស់ឪពុកម្តាយជីដូនជីតា៕