អ៊ីស្រាអែល​បើក​ប្រតិបត្តិការ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់ West Bank សម្លាប់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន

អ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំមួយនៅតំបន់ West Bank ដែលកាន់កាប់ពេញមួយយប់ និងដល់ថ្ងៃពុធនេះ ដោយកងកម្លាំងរបស់ខ្លួន ព្រមទាំងបានសម្លាប់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនចំនួន ១០នាក់ និងបានបិទទីក្រុង Jenin ដែលងាយនឹងបង្កជាហេតុ។

សារព័ត៌មាន AP ចុះផ្សាយថា អ៊ីស្រាអែល​បាន​ធ្វើ​ការ​វាយឆ្មក់​ជិត​មួយ​ថ្ងៃ​នៅ​តំបន់ West Bank ចាប់​តាំង​ពី​ការ​វាយ​ប្រហារ​ថ្ងៃ​ទី៧ ខែ​តុលា​របស់​ក្រុម Hamas ចេញ​ពី​តំបន់ Gaza ដែល​បាន​បង្ក​ឱ្យ​មាន​សង្រ្គាម​បន្ត​នៅ​ទីនោះ។ អ៊ីស្រាអែលនិយាយថា ខ្លួនកំពុងលុបបំបាត់ពួកសកម្មប្រយុទ្ធដើម្បីការពារការវាយប្រហារលើពលរដ្ឋរបស់ខ្លួន ខណៈដែលប៉ាឡេស្ទីននៅតំបន់ West Bank ប្រកាសថា ខ្លួនមានបំណងពង្រីកសង្រ្គាម និងបង្ខំឱ្យពួកគេផ្លាស់ទីលំនៅបន្ថែមទៀត។

វរសេនីយ៍ទោ Nadav Shoshani អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយថា “កងកម្លាំងធំ” បានចូលទៅក្នុងក្រុង Jenin ដែលជាទីតាំងរឹងមាំរបស់ពួកសកម្មប្រយុទ្ធ ក៏ដូចជាក្រុង Tulkarem និងជំរុំជនភៀសខ្លួន Al-Faraa ដែលមានអាយុកាលតាំងពីសង្គ្រាមកណ្តាលឆ្នាំ ១៩៤៨ នៅភាគខាងជើងខាងលិចតំបន់ West Bank។

លោកបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ពួកសកម្មប្រយុទ្ធ ៩នាក់ រួមទាំង ៣នាក់ទៀតនៅក្នុងការវាយប្រហារតាមអាកាសនៅក្រុង Tulkarem និង ៤នាក់ផ្សេងទៀតក្នុងការវាយប្រហារតាមអាកាសនៅ Al-Faraa ។ លោកបន្ត​ថា ពួកសកម្មប្រយុទ្ធ​ដែល​សង្ស័យ​ចំនួន ៥នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ការ​វាយឆ្មក់​នេះ​ជា​ដំណាក់​កាល​ដំបូង​នៃ​ប្រតិបត្តិការ​ធំរបស់ខ្លួន។

ក្រុមហាម៉ាស់បានប្រកាសថា យុទ្ធជនរបស់ខ្លួនចំនួន ១០ នាក់ត្រូវបានសម្លាប់នៅតំបន់ West Bank កាលពីថ្ងៃពុធ។ ក្រុម​សកម្មប្រយុទ្ធ​ប៉ាឡេស្ទីន​បាន​និយាយ​ថា ពួកគេ​កំពុង​បាញ់​តបត​ជាមួយ​ទាហាន​អ៊ីស្រាអែល។

អភិបាលក្រុង Jenin លោក Kamal Abu al-Rub បាននិយាយតាមវិទ្យុប៉ាឡេស្ទីនថា កងកម្លាំងអ៊ីស្រាអែលបានឡោមព័ទ្ធទីក្រុង ដោយរារាំងច្រកចេញ និងច្រកចូល និងការចូលទៅកាន់មន្ទីរពេទ្យ ហើយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅក្នុងជំរំទៀតផង៕

អត្ថបទ៖ ជីវ័ន