ក្នុងខណៈពេលដែលប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស កំពុងមានសន្ទុះរួបរួមគ្នាជាធ្លុងមួយ ស្រលាញ់ជាតិ ស្រលាញ់ទឹកដី បែរជាក្រុមប្រឆាំងមួយក្តាប់តូច នៅតែរក្សាទម្លាប់ចាស់គំរឹលរបស់ពួកគេ គឺប្រឆាំងគ្រប់រឿងទាំងអស់ សូម្បីតែផលប្រយោជន៍ជាតិរបស់ខ្លួនឯង។
បងប្អូនប្រជាពលរដ្ឋទាំងជិតឆ្ងាយ មិនថាអ្នកនៅក្នុងប្រទេស ឬអ្នកនៅក្រៅស្រុក និងមានចាប់តាំងពីកុមារតូចៗ រហូតដល់លោកយាយលោកតាសុទ្ធតែបានចូលរួមចំណែក ទោះតិច ឬច្រើនក្តី ក្នុងយុទ្ធនាការគៀគរមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមខ្សែបន្ទាត់ព្រំដែន ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
គម្រោងដែលផលប្រយោជន៍ជាតិខ្មែរនេះ ត្រូវបានក្រុមប្រឆាំងអគិតិបន្តចេះតែអុចអាលប្រជាពលរដ្ឋ យករូបភាពនេះរូបភាពនោះមកបំភ្លៃ ដើម្បីឱ្យប្រជាជនបាត់ជំនឿលើរាជរដ្ឋាភិបាល។ ពោលគឺពួកគេប្រឆាំងដើម្បីតែប្រឆាំង ប្រឆាំងដើម្បីឲ្យជាតិខ្មែរបែកបាក់សាមគ្គីដែលជាបំណងប្រាថ្នារបស់គេ។ ក្រុមប្រឆាំងមួយក្តាប់តូចនោះ ពាក់ស្រោមប្រជាធិបតេយ្យស្រែកនៅក្រៅប្រទេស ថាចង់ឃើញកម្ពុជាមានប្រជាធិបតេយ្យតែគេចង់ឲ្យកម្ពុជាសង់របងដូចកូរ៉េខាងជើងទៅវិញ។
ប្រធានគណៈកម្មការនាយកនៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិដែលដឹកនាំបាតុកម្មនៅកូរ៉េខាងត្បូង លោកស សុខេម បាននិយាយក្នុងបទសម្ភាសន៍របស់វិទ្យុអាស៊ីសេរីនាពេលថ្មីៗនេះថា ការគៀគរមូលនិធិព្រំដែនជាវិធីរកលុយរបស់រដ្ឋាភិបាល ហើយថាការសង់ផ្លូវ មិនសង់របងព្រំដែន គឺមិនត្រឹមត្រូវនោះទេ ហើយមេបាតុកម្មរូបនេះ ចង់ឲ្យកម្ពុជាសង់របងបន្លារលួសដូចកូរ៉េខាងជើងទៅវិញ។
តាមរយៈសម្តីបែបនេះ បានធ្វើឲ្យមហាជនចូលទៅបញ្ចេញមតិសំពងក្បាលមេបាតុកម្មក្បាលធំខួរតូចរូបនេះថា ក្រុមអ្នកស្នេហាជាតិរត់ចោលស្រុកមួយចំនួន មួយថ្ងៃៗគ្មានខំធ្វើអ្វីដើម្បីជាតិសោះឡើយ គិតតែរឿងប្រឆាំង បំផ្លិចបំផ្លាញ ចាក់រុក ញ៉ុះញ៉ង់ ព្យាយាមអោយខ្មែរបែកបាក់ ស្អប់គ្នា។ ដូចពាក្យមួយគេតែងតែនិយាយថា អ្នកធ្វើតែងតែមានកំហុស ឯអ្នកមិនខុសគឺអ្នកមិនធ្វើអីសោះ។ ហើយរងាវ ថាខ្លួនជាអ្នកសេ្នហាជាតិ គិតពីជាតិ។
អ្នកលេងបណ្តាញសង្គមជាច្រើនទៀតថា វិទ្យុបម្រើបរទេស rfa Khmer លែងមានលុយជួលមនុស្សមានចំណេះដឹងមកសម្ភាសន៍ហើយមើលទៅ បានជាចេះតែឃើញហៅក្រុមមនុស្សខូចមាត់មកសម្ភាសន៍រាល់ពេលបែបនេះ?
ជុំវិញការសង់របងតាមបណ្តាយព្រំដែននេះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ខឿនការពារជាតិរបស់ប្រជាជន ត្រូវបានពង្រឹងតាមរយៈប្រជាជនដែលនៅតាមព្រំដែនដែលជាព្រំដែនរស់ដែលរឹងមាំជាងរបងបេតុង ឬដែកច្រើនជាន់ និងល្អជាងការពង្រាយកងទ័ពនិងអាវុធដើម្បីការពារទៅទៀត។
មែនទែនទៅ អ្នករិះគន់សព្វថ្ងៃនេះ ចេះតែនិយាយបើកតែមាត់ បែរជាភ្នែកបិទ ត្រចៀកបិទ ខួរក្បាលបិទ ហើយមាត់ចេះតែនិយាយទៅដោយមិបានស្រាវជ្រាវ មិនបានសិក្សាអ្វីទាំងអស់។ កន្លងទៅ សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាល បានទទូចដល់អ្នកប្រឆាំងទាំងឡាយសូមបើកឱកាសឱ្យខ្មែរយើងមានឱកាសរីកចម្រើន ហើយសូមឱ្យមានភាពជឿជាក់ និងសាមគ្គីឯកភាពជាតិគ្នា ទៅលើអ្វីដែលជាផលប្រយោជន៍ជាតិរបស់យើង ជាពិសេសផលប្រយោជន៍សង្គម សេដ្ឋកិច្ចជូនប្រជាពលរដ្ឋយើង គួរកុំប្រឆាំងផ្កាប់មុខពេក គួរតែរួមគ្នាផ្តល់សច្ចភាព។
អត្ថបទ៖ អក្ខរា