កម្ពុជានិងអាស៊ែ​បៃហ្សង់ ប្តេជ្ញាពង្រឹង​កិច្ចសហ​​ប្រតិបត្តិការ​ជាមួយគ្នា​លើវិស័យ​បរិស្ថាន

កម្ពុជា និងអាស៊ែបៃហ្សង់ បានប្តេជ្ញាពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យបានកាន់តែរីកចម្រើនថែមទៀត ដោយក្នុងនោះ មានកិច្ចសហប្រតិបត្តិការមួយចំនួនទាក់ទងនឹងវិស័យបរិស្ថាន ដូចជា ការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ និងការអញ្ជើញប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលនៃក្របខ័ណ្ឌ អនុសញ្ញាអង្គការ​សហ​ប្រជា​ជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ UNFCCC (COP 29) និងកិច្ចការអាទិភាពនានាដែលប្រទេស ទាំងពីរនឹងធ្វើរួមគ្នាជាដើម។

ការប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នានេះ បានធ្វើឡើងនៅក្នុងជំនួបរវាងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម Shovgi Mehdizada ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅទីស្តីការក្រសួងបរិស្ថាន កាលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ បានទទួលជួប ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា ប្រទេសកម្ពុជា ដែលមានការប្តេជ្ញាចិត្តខ្ពស់ និងការចូលរួមយ៉ាងសកម្ម ជាមួយពិភពលោក ក្នុងការទប់ស្កាត់ និងដោះស្រាយបញ្ហា ពីការប្រែប្រួលអាកាសធាតុ។ ទន្ទឹមគ្នានេះ ក្រសួងបរិស្ថានបានដាក់ចេញ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន អនុលោមជាមួយយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល ដែលបង្ហាញពិភពលោកអំពីសុខសន្តិភាព និងស្ថេរភាពកម្ពុជា បន្ថែមទៅដោយភាពស្អាត ភាពបៃតង និងការអភិវឌ្ឍប្រកបដោយបរិយាប័ន ឈានឆ្ពោះទៅជាប្រទេសអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងអព្យាក្រិតកាបូននៅឆ្នាំ២០៥០។

ក្នុងឱកាសនោះ ឯកឧត្តម Shovgi Mehdizada បានអញ្ជើញ ឯកឧត្តមរដ្ឋមន្រ្តី និងប្រតិភូក្រសួងបរិស្ថាន ទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ែបៃហ្សង់ ក្នុងអំឡុងកិច្ចប្រជុំកំពូលនៃកិច្ចប្រជុំ UNFCCC (COP 29) ព្រមទាំងស្នើសុំការ​អនុញ្ញាតពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ទទួលជួបពិភាក្សាការងារលើវិស័យបរិស្ថាន ជាមួយ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងបរិស្ថាននិងធនធានធម្មជាតិ អាស៊ែបៃហ្សង់ផងដែរ។

គួរបញ្ជាក់ថា ឆ្នាំ២០២៤ គឺខួបអនុស្សាវរីយ៍រយៈពេល៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងអាស៊ែបៃហ្សង់ (១៩៩៤-២០២៤) ហើយប្រទេសទាំងពីរ បានប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាពង្រីកការគាំទ្រគ្នាទៅវិញទៅមក លើឆាកអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក។ ប្រទេស Azerbaijan នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសិទលើកទី 29 នៃភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ UNFCCC (COP 29) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ៕

អត្ថបទ៖ ពុទ្ធិកា