ទន្ទឹមនិងការបង្ហាញក្នុងការសម្តែងល្ខោនយីកេ រឿង « ម៉ាក់ថឺង » ស្រាប់តែកញ្ញា រចនា រ៉ាវ៉ាឌី បានពោលពាក្យថា « ប្រសិនបើទស្សនិកជនទទួលយកសម្លេងខ្ញុំបាន ខ្ញុំនឹងធ្វើរឿងនេះឱ្យផ្អើលម្តង »។
ដូចមហាជនបានដឹងស្រាប់ហើយកញ្ញា រចនា រ៉ាវ៉ាឌី មានសម្លេងមិនពិរោះឡើយ សូម្បីតែរូបនាងផ្ទាល់ក៏បានទទួលស្គាល់ថា នាងមានសម្លេងមិនពិរោះដែរ ។ ថ្វីដ្បិតតែសម្លេងមិនល្អ ប៉ុន្តែកញ្ញា រចនា រ៉ាវ៉ាឌី មានរូបសម្រស់ស្រស់ស្អាត និង មានទេពកោលស្យខាងសិល្បៈខ្លាំងមិនចាញ់តារាជើងចាស់ឡើយ ដូច្នេះហើយទើបនាងលេចធ្លោខ្លាំងក្នុងការងារសម្តែង ។ កន្លងមកមានអ្នកគាំទ្រជាច្រើនបានសំណូម ពរ ក៏ដូចជាចង់ឱ្យ រចនា រ៉ាវ៉ាឌី ចេញបទចម្រៀង ឬឡើងឆាកច្រៀង តែម្តងជាពីរដងនាងបានបដិសេដ ដោយសារសម្លេងខ្លួនមិនពិរោះ ។
ដោយឡែកជួបជាមួយកញ្ញា រចនា រ៉ាវ៉ាឌី ជាថ្មីម្តងទៀតនៅក្នុងកម្មវិធីសម្តែងល្ខោនយីកេរឿង « ម៉ាក់ថឺង » កាលពីពេលថ្មីៗនេះ ស្រាប់តែមានអ្នកគាំទ្រមួយចំនួនបានស្នើ និងចង់ឱ្យនាងសម្តែងល្ខោនយីកេ វិញម្តង ។ ចំពោះរឿងនេះកញ្ញា រចនា រ៉ាវ៉ាឌី បានឆ្លើយតបភ្លាមៗថា « ប្រសិនបើទស្សនិកជនទទួលយកសម្លេងខ្ញុំបាន ខ្ញុំនឹងសម្តែងល្ខោនយីកេ ខ្មែរ ឱ្យផ្អើលម្តង ….ពីព្រោះខ្ញុំក៏ស្រឡាញ់វិស័យនេះដែរ នេះជាលើកដំបូងហើយដែលខ្ញុំចូលរួមគាំទ្រការសម្តែងល្ខោនយីកេរឿង « ម៉ាក់ថឺង »» ។
កញ្ញា រចនា រ៉ាវ៉ាឌី បានផ្អាកពីការងារសម្តែងអស់ពេលជាយូរមកហើយ បន្ទាប់ពីនាងសម្រេចចិត្តផលិតវិដេអូខ្លី និងងាកមកចាប់អាជីពរកស៊ីជំនួសវិញ ។ ពេលនេះនាងកំពុងជោគជ័យខ្លាំងលើអាជីពទាំងអស់នេះ រហូតធ្វើឱ្យនាងលែងរវល់នៅក្នុងអាជីពសម្តែង ។
ស្ថិតក្នុងវ័យ២៤ ឆ្នាំ កញ្ញា រចនា រ៉ាវ៉ាឌី មានមុខជំនួញ ៤ ក្នុងដៃ ឆាប់ៗខាងមុខ នាងត្រៀមនឹងបង្កើតអាជីវកម្មជាច្រើនទៀត ដើម្បីបង្កើនប្រាក់ចំណូល នាងថា ក្រៅពីសិល្បៈនាងចូលចិត្តរកស៊ី ដូច្នេះហើយទើបនាងខំប្រឹងប្រែងបង្កើតអាជីវកម្មជាច្រើន មុននឹងខ្លួនសម្រេចចិត្តរៀបការមានគ្រួសារ ៕