ទន្ទឹមនិងការចូលរួមបរិច្ចាគថវិការផ្ទាល់ខ្លួនចំនួន ២០០លានរៀលរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ស្រាប់តែលោក ខេមរៈ ភារុណ ដែលជាបងប្រុសបានបង្ហាញនូវអារម្មណ៍រំភើប និង មោទនភាពក្រៃលែងចំពោះចិត្តសប្បុរសរបស់ប្អូនប្រុសជាទីស្រឡាញ់ ។
តាមរយៈសារនៅលើហ្វេសប៊ុករបស់លោក ខេមរៈ ភារុណ បានរៀបរាប់ពីអារម្មណ៍របស់ខ្លួនចំពោះលោក ខេមរៈ សិរីមន្ត ដែលជាប្អូនប្រុសថា « ក្នុងនាមខ្ញុំជាបងប្រុសខ្ញុំសូមសម្ដែងនូវសេចក្ដីសប្បាយរីករាយរំភើបយ៉ាងក្រៃលែង ដែលបានឃើញប្អូនប្រុសមានចិត្តសប្បុរសជាមួយនឹងរាជរដ្ឋាភិបាលជាមួយនឹងប្រទេសជាតិ ជាមួយនឹងប្រជាពលរដ្ឋ ហើយបានបរិច្ចាគថវិកាយ៉ាងច្រើនចូលរួមកសាងផ្លូវក្រវាត់ព្រំដែននេះ ខ្ញុំពិតជារំភើបមែនទែន រកអ្វីខ្លះថ្លែងពុំបាន នេះហើយគឺជាទឹកចិត្តស្រឡាញ់ប្រទេសជាតិ ស្រឡាញ់ទឹកដី ដែលអាចកាត់ថ្លៃបានរបស់ប្អូន សូមបងប្អូនយើងចូលរួមទាំងអស់គ្នាបាទ ទោះតិចក្ដីច្រើនក្ដី រួមគ្នាការពារមាតុភូមិយើង » ។
គួរបញ្ជាក់ផងដែរថា កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានចូលរួមបរិច្ចាគថវិការផ្ទាល់ខ្លួនចំនួន ២០០លានរៀលដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនកាលពីម្សិលមិញនេះ ។ ក្រោយពីឃើញសកម្មភាពនេះបានធ្វើឱ្យមហាជនផ្ទុះការសរសើរខ្លាំងចំពោះរូបលោកជាខ្លាំង ៕