សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណ និងលើកទឹកចិត្តដល់ជនរួមជាតិគ្រប់មជ្ឈដ្ឋាន បន្តចូលរួមបរិច្ចាគថវិកាឱ្យកាន់តែសកម្មផុលផុសបន្ថែមទៀត

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ បានផ្ញើសារថ្លែងអំណរគុណដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមយ៉ាងផុសផុល ក្នុងការបរិច្ចាគថវិកាក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»។

តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចធិបតីបានលើកឡើងថា៖ “ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំព្រះករុណាខ្ញុំផ្ទាល់ ខ្ញុំព្រះករុណាខ្ញុំសូមថ្លែងអំណរព្រះគុណ និងអរគុណដល់ព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិគ្រប់មជ្ឈដ្ឋានទាំងក្នុង​ និងក្រៅប្រទេស​ ដែលបានចូលរួមចំណែកយ៉ាងផុលផុសបរិច្ចាគថវិកាក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ”។

សម្តេចបានចាត់ទុកថា ការចូលរួមចំណែកដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ពិតជាបានសបញ្ជាក់យ៉ាងច្បាស់អំពីធ្លុងមហាសាមគ្គី និងស្មារតីជាតិខ្មែរតែមួយប្រកបដោយមនសិកា​រស្នេហាជាតិ​ក្នុងបុព្វហេតុការពារ និងអភិវឌ្ឍ​មាតុភូមិកម្ពុជានៃយើង ។

ទន្ទឹមគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី លើកទឹកចិត្តដល់ជនរួមជាតិគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បន្តចូលរួមឱ្យកាន់តែសកម្មផុលផុសបន្ថែមទៀត ហើយសម្តេចបានបញ្ជាក់ថា ក្រុមការងារមូលនិធិបាន និងកំពុងបន្តទទួលការបរិច្ចាគដោយក្តីរីករាយ៕