កម្លាំងកង​ពលតូចលេខ៧០ចំនួន៤៣នាក់ ដែលចូលរួមយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសនៅភ្នំពេញ ទទួលបានអំណោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានផ្តល់អំណោយជាថវិកា និងអង្ករ ជូនកងកម្លាំងពលតូចលេខ៧០ ចំនួន៤៣នាក់ បានចូលរួមក្នុងប្រតិបត្តិការ ចុះបាញ់ថ្នាំសម្លាប់មូស នៅតាមសង្កាត់ទាំង១០៥ ។ អំណោយ ដែលបានផ្តល់ជូននោះ រួមមាន ក្នុងម្នាក់ៗទទួលបាន ថវិកា២០ម៉ឺនរៀល អង្ករ មី និងទឹកសុទ្ធជាដើម។

ក្នុងពិធីជួបសំណេះសំណាល នៅថ្ងៃទី២៧ សីហា ២០២៤ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា តាមរយៈយុទ្ធនាការបាញ់ថ្នាំមូសសម្លាប់មូសនេះ ពិតជាទទួលបានការគាំទ្រ និងអបអរសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម បានអរគុណ បំផុត ចំពោះការខិតខំប្រឹងប្រែងរបស់កងពលតូចលេខ៧០ ក៏ដូចជាមន្ទីរសុខាភិបាល និងអាជ្ញាធរដែនដី ទាំងអស់ដែលបានសហការ ប្រកបដោយការទទួលខុសត្រូវ ។

គួរបញ្ជាក់ថា យុទ្ធនាការចុះបាញ់មូសនៅក្នុងរាជធានីភ្នំពេញ ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាមជូនប្រជាពលរដ្ឋ បានចាប់ផ្តើមកាលពីថ្ងៃ១៧ សីហា ហើយបានបញ្ចប់យុទ្ធនាការ កាលពីថ្ងៃទី២៥  សីហា។

អត្ថបទ៖ ពុទ្ធិកា