ទស្សនៈបណ្ឌិត ចំពោះ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

លោកបណ្ឌិត យង់ ពៅ លើកឡើង៥ចំណុច ចំពោះ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»។ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាអ្នកស្រាវជ្រាវរូបនេះ មើលឃើញថា ចំពោះ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» គឺអាចបញ្ជាក់យ៉ាងច្បាស់អធិបតេយ្យភាពដែនដី ដែលរាជរដ្ឋាភិបាល បានធ្វើកន្លងមក ហើយបើកទូលាយឱ្យអ្នកស្នេហាជាតិទាំងឡាយ ទទួលបានឱកាសចូលរួមសកម្មភាពអភិវឌ្ឍនានា តាមព្រំដែនប្រជាពលរដ្ឋគ្រប់រូបក្លាយជាម្ចាស់ ជារបងយ៉ាងពិតប្រាកដ មិនរើសអើងពណ៌សម្បុរនយោបាយ ពោលគឺប្រមូលផ្តុំកម្លាំងជាតិ ចំពោះបញ្ហាអធិបតេយ្យ។

បើតាមលោកបណ្ឌិត យង់ ពៅ ការប្រកាសបង្កើត មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន របស់កម្ពុជា បានបង្ហាញឱ្យឃើញទិដ្ឋភាពសំខាន់ៗចំនួន៥គឺ៖ ១. បញ្ជាក់យ៉ាងច្បាស់អធិបតេយ្យភាពដែនដី ដែលរាជរដ្ឋាភិបាលបានធ្វើកន្លងមក ២. បើកទូលាយឱ្យអ្នកស្នេហាជាតិទាំងឡាយ ទទួលបានឱកាសចូលរួម សកម្មភាពអភិវឌ្ឍនានា តាមព្រំដែន ៣. ប្រជាពលរដ្ឋគ្រប់រូបក្លាយជាម្ចាស់ ជារបងយ៉ាងពិតប្រាកដ មិនរើសអើងពណ៌សម្បុរនយោបាយ… ៤. អ្នកស្នេហាជាតិទាំងឡាយ មានឱកាសបញ្ជាក់បញ្ចេញមនសិការពិតរបស់ខ្លួន (ចៀសវាងស្តាប់តែអ្នកវិភាគក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ និយាយដើម្បីលក់ like និង Share ) និង៥. ប្រមូលផ្តុំកម្លាំងជាតិ ចំពោះបញ្ហាអធិបតេយ្យ។

គួរបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តួចផ្តើមបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន» ក្នុងគោលកៀរគរថវិកាបន្ថែម និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋទូទាំងប្រទេសបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅតាមបណ្តោយព្រំដែន ដោយផ្តោតការយកចិត្តទុកដាក់ពិសេសលើផ្លូវក្រវាត់ព្រំដែន។

បើតាមសម្តេចធិបតី, ចាប់តាំងឆ្នាំ១៩៩៤ រាជរដ្ឋាភិបាល បានកសាងផ្លូវតាមបណ្តោយព្រំដែនជាមួយប្រទេសជិតខាងវៀតណាម ថៃ ឡាវ ក្នុងនោះ ព្រំដែនកម្ពុជា-វៀតណាម កសាងផ្លូវបាន ៦៨៥,៩៦គីឡូម៉ែត្រ លើផែនការសរុប១,០៦៦គីឡូម៉ែត្រ ព្រំដែនកម្ពុជា-ថៃ កសាងផ្លូវបាន ៤៥៥,៥គីឡូម៉ែត្រ លើផែនការសរុប ៥០៩គីឡូម៉ែត្រ និងផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ កសាងបាន ១៧៩,២គីឡូម៉ែត្រ លើផែនការសរុប ៣៧៧គីឡូម៉ែត្រ។
កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតីបានផ្តល់គោលការណ៍ឯកភាពលើផែនការរបស់កងវិស្វកម្ម សម្រេចបញ្ចប់ជំហាន១ លើការបោះបង្គោលខណ្ឌសីមា និងការស្ថាបនាបណ្តាញផ្លូវគមនាគមន៍តាមតំបន់ព្រំដែនកម្ពុជាជាប់ ថៃ ឡាវ និងវៀតណាម សម្រាប់រយៈពេល ១០ឆ្នាំ (២០២៤-២០៣៤) នៅលើដីដែលបានឯកភាពគ្នារួចហើយ៕

អត្ថបទ៖ អក្ខរា