ស្មារតីជាតិនិយម នៃការរួបរួមសាមគ្គីគ្នាជាធ្លុងមួយគ្រប់ស្រទាប់វណ្ណៈ បានផុសត្រដែតឡើង តាមរយៈការចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត ក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
“មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ក្រោមគំនិតផ្តួមផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា តាមបណ្ដោយព្រំដែន ព្រមទាំងដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានក្នុងនិងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុរួមគ្នាកសាង និងការពារមាតុភូមិ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ចូលរួមបរិច្ចាគវិភាគទានឱ្យបានផុលផុសតាមការស្ម័គ្រចិត្តក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” សំដៅរួមគ្នាក្នុងធ្លុងមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។
បន្ទាប់ពីការប្រកាសអំពាវនាវរបស់សម្តេចធិបតី, ចលនាមហាសាមគ្គីជាតិខ្មែរក៏បានផុសត្រដែតឡើងដ៏គួរឲ្យស្ញប់ស្ញែង ដោយមានសម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អ្នកជំនួញ សិល្សករ អាជីវករ កម្មករ កម្មការិនី ព្រះសង្ឃ និងមហាជនខ្មែរទូទៅ បានចូលរួមបរិច្ចាគថវិកាតាមលទ្ធភាពរៀងៗខ្លួនដោយស្ម័គ្រចិត្ត។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង តាយាយ និងជនរួមជាតិទាំងអស់ ទាំងក្នុង និងក្រៅប្រទេសដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលតាមរយៈ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”។ សម្ដេចធិបតីចាត់ទុក ការចូលរួមនេះ គឺបានបង្ហាញយ៉ាងច្បាស់ពី មនសិកាស្រលាញ់ការពារជាតិតាមរយៈការអភិវឌ្ឍនៅបណ្តាខេត្តតាមព្រំដែន ដេីម្បីធាបានភាពរឹងមាំនៃខឿនការពារជាតិការពារបូរណភាពទឹកដី ជាពិសេសបង្ហាញពីស្មារតីជាតិនិយម ដែលជាការផ្តល់កម្លាំងចិត្តដ៏ធំធេងសម្រាប់រាជរដ្ឋាភិបាលក្នុងការបំពេញបេសកកម្ដ៏ឧដុង្គឧត្តមក្នុងការបម្រេីជាតិ និងប្រជាជន៕
អត្ថបទ៖ អក្ខរា