កាលពីថ្ងៃទី ៣០ មីនាកន្លងទៅ សហរដ្ឋអាមេរិកបានទម្លាយថា រុស្ស៊ីកំពុងរកផ្លូវទិញអាវុធបន្ថែមពីកូរ៉េខាងជើងសម្រាប់ការធ្វើសង្គ្រាមនៅអ៊ុយក្រែន និងបានបញ្ចេញអត្តសញ្ញាណបុរសជនជាតិស្លូវ៉ាគីម្នាក់ ដែលលោកខាងលិចអះអាងថាជាឈ្មួញកណ្ដាល សម្រាប់កិច្ចព្រមព្រៀងរវាងក្រុងមូស្គូ និងព្យុងយ៉ាង។
បុរសដែលអាមេរិកអះអាងថាជាឈ្មួញកណ្ដាលមានឈ្មោះថា Ashot Mkrtychev អាយុ ៥៦ឆ្នាំ ធ្លាប់រកស៊ីលើការជួញដូរអាវុធរវាងរុស្ស៊ី និងកូរ៉េខាងជើងចន្លោះចុងឆ្នាំ ២០២២ ដល់ដើមឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពី CNA។
“ពួកយើងទទួលបានព័ត៌មានថា រុស្ស៊ីកំពុងសកម្មក្នុងការទិញអាវុធ និងគ្រាប់បន្ថែមពីកូរ៉េខាងជើង ហើយតាមរយៈការគាំទ្រពីមន្ត្រីរុស្ស៊ី Mkrtchev បាននិងកំពុងព្យាយាមធ្វើអន្តរាគម លើកិច្ចព្រមព្រៀងអាវុធសម្ងាត់រវាងរុស្ស៊ី និងកូរ៉េខាងជើង”។ នេះបើតាមសម្ដីអ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន John Kirby បាននិយាយ។
ដោយឡែករតនាគារសហរដ្ឋអាមេរិកក៏បានបញ្ជាក់ដែរថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងនឹងទទួលបានជាលុយសុទ្ធ យន្តហោះពាណិជ្ជកម្ម ទំនិញ និងវត្ថុធាតុដើម ក៏ដូចជាស្បៀងអាហារ សម្រាប់ការផ្ដល់គ្រាប់កាំភ្លើង និងអាវុធផ្សេងៗទៅកាន់រុស្ស៊ី៕